ព័ត៌មាន
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចុះពិនិត្យបន្ទាន់ ដើម្បីដោះស្រាយជំនន់ទឹកភ្លៀងតាមតំបន់មួយចំនួន
ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថា ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពីបំពេញបេសកកម្មពីប្រទេសបារាំងមុនពេលកំណត់ ដើម្បីដឹកនាំមន្ដ្រីជំនាញ និងអាជ្ញាធរ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុងនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ អាជ្ញាធរតែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ។ នាប៉ុន្មានថ្ងៃន្លងមកនេះ ខណៈឯកឧត្ដមដឹកនាំប្រតិភូទៅបំពេញបេសកកម្មនៅប្រទេសបារាំង នៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យតំបន់មួយចំនួនទទួលរងការលិចលង់។ ឯកឧត្ដមបន្តថា បើទោះបីឯកឧត្តមនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម ឯកឧត្តមអភិបាលរាជធានីបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឱ្យបាន។ ក្នុងនោះមុនគេឯកឧត្តមមឃួង ស្រេង បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យហើយក្នុងឱកាសនោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តការបូមទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ។ បន្តមកទៀតឯកឧត្ដមបានចុះមើលស្ថានីយ៍បូមទឹកលូ៥ ក៏ដូចជាប្រឡាយទឹកនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ សំដៅធ្វើយ៉ាងណារកគ្រប់មធ្យោបាយដើម្បីរំដោះទឹកចេញ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា តំបន់ផ្សារត្រពាំងថ្លឹងដែលតែងតែទទួលរងនូវការលិចលង់រហូតមកឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗនោះគឺដោយសារតែតំបន់នេះធ្វើការអភិវឌ្ឍមុនគេ ហើយនៅពេលតំបន់ផ្សេងគេអភិវឌ្ឍន៍ក្រោយចាក់ដីខ្ពស់ជាង ធ្វើឱ្យតំបន់នេះ ទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សម្រាប់អាជ្ញាធររាជធានីភ្នំពេញមិនបានទុកកិច្ចការងារនេះចោលនោះទេ គឺតែងតែដោះស្រាយបញ្ហាទាំងនេះ ជូនបងប្អូនប្រជាពលរដ្ឋជានិច្ច។ ឯកឧត្ដមបានបញ្ជាក់ថា ជាដំណោះស្រាយ ដើម្បីឱ្យតំបន់ត្រពាំងថ្លឹងនេះបានប្រសើរឡើងវិញ អាជ្ញាធររាជធានីភ្នំពេញនឹងកសាងស្ថានីយ៍បូមទឹកចំនួនពីរទៀត ដោយស្ថានីយ៍បូមទឹកទី១ គ្រោងស្ថាបនាឡើងនៅត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យនិង១កន្លែងទៀតលើប្រឡាយម័រ (បឹងតាម៉ាត) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ជាមួយនិងការស្តារប្រឡាយផងដែរ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនទើបតែគិតគូរពេលនេះទេ គឺបានគិតគូរយូរហើយ ជុំវិញការរំដោះទឹកចេញពីតំបន់ទាំងនេះ។ ប៉ុន្តែដោយសារស្ថានីយ៍បូមទឹកបឹងទំពុនមិនទាន់ពង្រីក ដាក់បន្ថែមម៉ូទ័ររួចរាល់។ តែពេលនេះស្ថានីយ៍បូមទឹកបឹងទំពុនាចទទួលយកទឹករំដោះពីត្រពាំងថ្លឹងនេះបានហើយ ទើបយើងមានគម្រោងកសាងស្ថានីយ៍បូមទឹកពីរខាងលើនេះឡើង ដែលវានឹងអាចបូមទឹកចេញពីតំបន់នេះបានប្រសើរឡើង។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់បន្ថែមថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញឱ្យតែមានភ្លៀងធ្លាក់ធំៗម្ដងៗ គឺគ្រប់បណ្ដាស្ថានីយ៍ទាំងអស់នៅរាជធានីភ្នំពេញតែងធ្វើសកម្មភាពបូមទឹកភ្លាមៗ ជាមួយនឹងការដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតផងដែរ ដើម្បីរំដោះឱ្យបាននូវការលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងផងដែរថា ឯកឧត្តម ឃួង ស្រេង ក្នុងបេសកកម្មនៅប្រទេសបារាំង គឺមិនទាន់បញ្ចប់នៅឡើយទេ តែនៅពេលដែលទទួលបានព័ត៌មានថា នៅរាជធានីភ្នំពេញ មានតំបន់មួយចំនួនទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀង ឯកឧត្ដមក៏ប្រញ៉ាប់ចាកចេញពីប្រទេសបារាំង មកកាន់រាជធានីភ្នំពេញវិញភ្លាម ទាំងបេសកកម្មរបស់ឯកឧត្ដមមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ដើម្បីមកដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



-
PR NEWS6 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន1 week agoកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន3 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត