ព័ត៌មាន
សម្ដេចតេជោ៖ រាជរដ្ឋាភិបាលថ្មីសម្រេចបានលទ្ធផលដ៏ល្អជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះសម្ដេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួប ឯកឧត្តម កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា ដែលបានធ្លាប់ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ហើយជាមិត្តភ័ក្តិចាស់មួយរូប។
ឯកឧត្តម SHINOHARA បានថ្លែងអំណគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ ហើយបានអបអរសាទរសម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមមានប្រសាសន៍ថា ជំនួបថ្ងៃនេះ គឺជាឱកាសសម្រាប់ឯកឧត្តម ថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងជម្រាបលាទៅកាន់ប្រទេសជប៉ុនវិញ ដោយឯកឧត្តម មានសេចក្តីរីករាយដែលបានបន្តកិច្ចការនៅប្រទេសកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅ កម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។ តាមរយៈវត្តមានរបស់ឯកឧត្តមជាច្រើនឆ្នាំនៅកម្ពុជា ឯកឧត្តមបានមើលឃើញនូវការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់កម្ពុជា ជាបន្តបន្ទាប់។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ ឯកឧត្តម នឹងរីករាយប្រាប់អំពីប្រទេសកម្ពុជា ដល់ប្រជាជនជប៉ុនដែលចាប់អារម្មណ៍ពីកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានឆ្លងកាត់ និងជាសក្ខីភាពនៃដំណាក់កាលជាច្រើនរបស់កម្ពុជា ហើយ ឯកឧត្តម SHINOHARA គឺជាសាក្សីរស់មួយរូបសម្រាប់កម្ពុជា។
សម្ដេចតេជោ បានរំលឹកពីស្ថានភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០មក និងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្ន កម្ពុជា បានដើរចម្ងាយឆ្ងាយជាងមុនច្រើន និងមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយភាពក្រីក្រ ការផ្គត់ផ្គង់ទឹកស្អាត ការកើនឡើងនៃការប្រើប្រាស់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផលកសិកម្ម ដូចជា ស្រូវ ស្វាយចន្ទី…។ល។

សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តម SHINOHARA ពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាចទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន រយៈពេលយូរអង្វែង។ សម្ដេចតេជោ បន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសភិវឌ្ឍន៍ ។
សម្តេចតេជោ និង ឯកឧត្តម SHINOHARA ក៏បានពិភាក្សាគ្នាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅប្រទេសជប៉ុន ហើយបានឯកភាពគ្នាអំពីសង្គតិភាពរបស់គោលនយោបាយការបរទេសជប៉ុនចំពោះកម្ពុជា។ ឯកឧត្តម បានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់សម្តេចក្នុងការជំរុញសន្តិភាពនៅក្នុងតំបន់និងជុំវិញពិភពលោក៕


-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព