ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងទៅកាន់អង្គវេទិកា ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យបងប្អូនប្រជាកសិករចូលរួមសហការគិតគូរឱ្យបានវែងឆ្ងាយ ទទួលស្តាប់នូវការណែនាំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធពីការព្យាករណ៍ធាតុអាកាស បំរែបំរួលអាកាសធាតុ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ ដោយមិនប្រថុយធ្វើស្រែទាំងមានហានិភ័យខ្ពស់។

បើតាម ឯកឧត្តមរដ្ឋមន្រ្តី គោលដៅរបស់រាជរដ្ឋាភិបាលគឺជួយបងប្អូនប្រជាកសិករឱ្យមានសន្តិសុខស្បៀង និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺមានហូបគ្រប់គ្រាន់ និងមានបាន ដោយរាជរដ្ឋាភិបាលមិនទុកនរណាម្នាក់ចោលនោះទេ និងតែងតែយកចិត្តទុកដាក់ ផ្តល់ជំនួយ ព្រមទាំងជួយស្តារនូវផលប៉ះពាល់កន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មានការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម ជំរុញជីវភាព ធានាបាននូវសន្តិសុខ និងសុវត្តិភាពស្បៀងផងដែរ។

សូមបញ្ជាក់ជូនថា ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចែកស្រូវពូជចំនួន ៣០០តោនជូនដល់កសិករចំនួនប្រមាណ ៥.០០០គ្រួសារ មកពី ៧ក្រុង-ស្រុក ក្នុងខេត្តកំពង់ធំដែលបានរងការខូចខាតនូវផលដំណាំស្រូវប្រមាណ ៥.០០០ ជាងហិចតា៕




-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន