ព័ត៌មាន
បេក្ខជនចំនួន៩៣នាក់ ចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី «ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ។

នៅក្នុងពិធីបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ មានគោលបំណងបំផុសបំផុលឧត្តមភាពជំនាញ និងណែនាំដល់យុវជនអំពីជំនាញផ្សេងៗដែលមានមូលដ្ឋានលើវិជ្ជាជីវៈអាជីព ព្រមទាំងបំពាក់នូវមធ្យោបាយ និងធនធានដែលត្រូវការដើម្បីកសាងអនាគត ថែមទាំងបំផុស និងទាក់ទាញអ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពពាក់ព័ន្ធ និងសារៈសំខាន់នៃជំនាញ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។ ការប្រកួតប្រជែងជំនាញនេះ បានផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរាជរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញ។

ឯកឧត្តម ហេង សួរ បានរលើកទឹកចិត្តដល់បេក្ខជន ខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់នូវសមត្ថភាព ចំណេះដឹង ជំនាញ ទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួន ក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភី ដោយត្រូវគោរព និងអនុវត្តទៅតាមលក្ខន្តិកៈ និងការណែនាំរបស់គណៈកម្មការសម្រាប់ការប្រកួតប្រជែង។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិនេះ នឹងរកឃើញម្ចាស់ជ័យលាភីដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដើម្បីជាបេក្ខជនតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ដើម្បីជាកិត្តិយសខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ មានបេក្ខជនសរុបចំនួន ៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថានសិក្សាចំនួន១៦ ចូលរួមប្រកួតប្រជែងលើ ជំនាញតបណ្តាញអគ្គិសនី ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo)។ ក្នុងនោះបេក្ខជន ដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជា មេដាយមាស ទទួលបានប្រាក់រង្វាន់ចំនួន៣លានរៀល, មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់២លានរៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់១លានរៀល៕






-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់