ព័ត៌មាន
NEA បើកយុទ្ធនាការចុះផ្សព្វផ្សាយពិព័រណ៍ការងារ ដើម្បីកៀរគរសាធារណជនចូលរួមឱ្យបានច្រើនកុះករ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការចុះ តាមសាកលវិទ្យាល័យ ភ្លើងស្តុប និងទីសាធារណៈនានា ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែតុលាខាងមុខនេះ។

កំពុងចុះផ្សព្វផ្សាយនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ការចុះផ្សព្វផ្សាយនេះ ក្រុមការងារមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញទាំងអស់ នឹងមានការចែកជាខិតប័ណ្ណ ការបិទ និងការចងបដា (Banner) ជាដើម ដើម្បីជូនព័ត៌មានឲ្យកាន់តែខិតជិតជូនដល់អាណាព្យាបាល សិស្សនិស្សិត យុវជន ជាពិសេសអ្នកកំពុងស្វែងរកការងារធ្វើ ទៅចូលរួមឲ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ខាងមុខនេះ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ខណៈមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបចំនួនជាង ៣ម៉ឺនកន្លែង។

ទាក់ទិនកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិនេះដែរ ក្រុមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងបានអះអាងថា នឹងនាំគ្នាទៅចូលរួមដើម្បីទស្សនា ក៏ដូចជាស្វែងយល់ឱកាសការងារដោយផ្ទាល់តែម្តង ដោយសារព្រឹត្តិការណ៍នេះ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែង និងគ្រប់វិស័យ ពីបណ្តាក្រុមហ៊ុននានា។ ក្រុមនិស្សិតទាំងនេះ បានអំពាវនាវដល់យុវជនទាំងអស់ ពិសេសអ្នកស្វែងរកការងារ ដែលមានបំណងចង់ដាក់ពាក្យបំពេញការងារ សូមត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងកម្មវិធីតែម្តង។

សូមបញ្ជាក់ថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” ក្រៅពីការរៀបចំដោយផ្ទាល់ ក៏នឹងមានរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ក្នុងគោលបំណង ដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារ តាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ ក៏ដូចជា បង្កើតឱ្យមានវេទិកាការងារជួបជុំគ្នានៅមួយកន្លែង ដោយងាយស្រួល រវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់