ព័ត៌មាន
កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ រកឃើញយុវជនឈ្នះមេដាយមាសចំនួន ៧គ្រឿង
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» និងប្រគល់មេដាយជូនដល់ជ័យលាភី នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី ក្នុងពិធីបិទនាឱកាសនេះ បានកត់សំគាល់ថា ដំណើរការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤នេះ បេក្ខជនទាំងអស់បានបង្ហាញពីសមត្ថភាព ទេពកោសល្យ ភាពច្នៃប្រឌិតដ៏អស្ចារ្យតាមរយៈការប្រកួតប្រជែងទៅតាមជំនាញនីមួយៗ ហើយគណៈកម្មការបច្ចេកទេសបានផ្តល់នូវសុភវិនិច្ឆ័យយ៉ាងត្រឹមត្រូវ។ ជាពិសេស ក៏មានការចូលរួមដោយសប្បាយរីករាយពីសំណាក់អ្នកចូលរួមទស្សនា និងអ្នកគាំទ្រតាមជំនាញនីមួយៗ ដែលធ្វើឱ្យកម្មវិធីប្រកួតប្រជែងជំនាញបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ និងបន្សល់ទុកនូវរូបភាព និងអនុស្សាវរីយ៍យ៉ាងច្រើន។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការប្រកួតប្រជែងមិនត្រឹមតែចង់បានមេដាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវទេពកោសល្យ ចំណេះដឹង សមត្ថភាព និងជំនាញដើម្បីរៀបចំអនាគត នៃឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ។ ជាពិសេស បេក្ខជនទាំងអស់នឹងក្លាយជាធនធានមនុស្ស និងមូលធនមនុស្សសម្រាប់កម្ពុជា ពោរពេញដោយសមត្ថភាព គុណភាព ចំណេះជំនាញ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។

ទន្ទឹមនេះ ឯកឧត្តម ហេង សួរ ក៏បានផ្តល់អនុសាសន៍ដល់ជ័យលាភីមេដាយមាសទាំង៧គ្រឿង ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីត្រៀមខ្លួនជាបេក្ខជនតំណាងប្រទេសជាតិចូលរួមការប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ខាងមុខដើម្បីនាំកិត្តិយសជូនប្រទេសជាតិឱ្យល្បីល្បាញលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា តាមរយៈការបូកសរុបពិន្ទុរបស់គណៈកម្មការ មានបេក្ខជនជ័យលាភីទទួលបានមេដាយមាស ចំនួន ៧គ្រឿង ក្នុងនោះចំនួន៥គ្រឿងជាបុគ្គល និង២គ្រឿងជាក្រុម, ទទួលបានមេដាយប្រាក់ ចំនួន ១៣គ្រឿង ក្នុងនោះចំនួន ១១គ្រឿងជាបុគ្គល និង២គ្រឿងជាក្រុម, ទទួលបានមេដាយសំរឹទ្ធិចំនួន ៥គ្រឿង និងទទួលបានវិញ្ញាបនបត្រល្អប្រសើរចំនួន ៤៧រូប ។ ជ័យលាភីដែលទទួលចំណាត់ថ្នាក់ទទួលបានមេដាយបានទទួលរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចជា៖ មេដាយមាស ទទួលបានប្រាក់រង្វាន់ ចំនួន ៣លានរៀល , មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ ចំនួន ២លានរៀល និងមេដាយសំរឹទ្ធិ ទទួលបានប្រាក់រង្វាន់ ចំនួន ១លានរៀល៕










-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន