ព័ត៌មាន
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ៖ កម្ពុជា បានបោះជំហានយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពមាតា និងទារក
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានអៈអាងថា ព្រះរាជាណាចក្រកម្ពុជា បានបោះជំហានយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពមាតា និងទារក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ នាឱកាសដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាធិបតីក្នុងពិធីបើកសន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជា លើកទី៧ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះសន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជា នៅថ្ងៃទី១ ក្រោមប្រធានបទ “START4NEWBORN ការសង្គ្រោះទារកទើបនឹងកើត” និងសន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជា នៅថ្ងៃទី២ ក្រោមប្រធានបទ”Antenatal And Perinatal Update ដើម្បីូលរួមពន្លឿនការកាត់បន្ថយអត្រា មរណៈភាពមាតា និងទារក” ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងឯកឧត្តមអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានគណៈគ្រូពេទ្យកម្ពុជា ប្រធានគណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោមជាតិដទៃទៀត ភ្ញៀវជាតិ និងអន្តរជាតិសរុបចូលផ្ទាល់ ចំនួន ៣០៦រូប និងតាមប្រព័ន្ធ Zoom ចំនួន២២៣០រូប។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានបន្តទៀតថា យោងតាមរបាយការណ៍សូចនករស្នូលនៃការអង្កេតប្រជាសាស្ត្រ និង សុខភាពនៅកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញឱ្យឃើញថា អត្រាមរណភាពទារកនៅ ប្រទេសកម្ពុជាមានការថយចុះគួឱ្យកត់សំគាល់ពី ៣៧នាក់ក្នុងចំណោម១០០០កំណើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំណោម ១០០០ កំណើតរស់ក្នុងឆ្នាំ ២០២១-២០២២។ អត្រាមរណភាពមាតា បានថយចុះពី១៧០ ក្នុង១សែនកំណើតរស់នៅឆ្នាំ២០១៤ មកនៅ១៥៤ ក្នុង១សែនកំណើតរស់ឆ្នាំ២០២១។ អត្រាមរណភាពកុមារ ក្រោម៥ឆ្នាំចុះពី៣៥ក្នុង១ពាន់ កំណើតរស់ឆ្នាំ២០១៤ មកនៅ១៦ ក្នុង១ពាន់នាក់នៅឆ្នាំ២០២១។ អត្រាស្ត្រីមានផ្ទៃពោះមកទទួលពិនិត្យលើកទីមួយ បាន៩៩% អត្រាពិនិត្យផ្ទៃពោះលើកទីបួន បាន៨៦% អត្រាពិនិត្យ ក្រោយសម្រាលមាន៨៥% សម្រាលកូនដោយឆ្មបជំនាញ ៩៩% និងសម្រាលកូននៅមូលដ្ឋាន សុខាភិបាលមាន៩៧%។ នេះជាសមិទ្ធផលយ៉ាងធំធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ជូនអង្គពិធីទាំងមូលជា ពិសេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (១) រៀបចំពិនិត្យមើលសម្ភារចាំបាច់សម្រាប់ ជួយសង្គ្រោះទារក (២)រៀបចំបណ្តុះបណ្តាលពីជំនាញសង្គ្រោះទារកដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាក ដើម្បីធានាថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពដល់មាតា ទារក និងកុមារ និង (៣) ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យឯកជន សូមធ្វើការបញ្ជូនស្ត្រីមានផ្ទៃពោះមានបញ្ហាប្រឈម និងទារក ដែលមានបញ្ហាសុខភាពឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បើតាមលោកវេជ្ជបណ្ឌិត លាក់ ពន្លឺ អគ្គលេខាសមាគមគ្រូពេទ្យទារកកម្ពុជា បានឲ្យដឹងថា សន្និសីទ និងសិក្ខាសាលា មានគោលបំណងផ្តល់នូវចំណេះដឹងថ្មីបន្ថែមដល់មន្ត្រីសុខាភិបាល ជាគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មបពីការថែទាំ និងព្យាបាលម្តាយ ទារកទើបកើត និងកុមារ ដូចជាសង្គ្រោះទារកក្រោយសម្រាល ការតាមដានការលូតលាស់មិនប្រក្រតីរបស់ទារកក្នុងផ្ទៃ ការពិនិត្យស្វែងរកជំងឺពីកំណើតដោយការជុះកែងជើងទារក ជំងឺកាមរោគ និងបទពិសោធន៍ផ្សេងៗទៀតដែលមានការចែករំលែកពីវាគ្មិនជាតិ និងអន្តរជាតិ៕ អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង