កីឡា
លីគកំពូល៖ ភ្នំពេញក្រោនបន្ដឈ្នះ ឯគិរីវង់បន្ដចាញ់ ខណៈបឹងកេត និង ISI ស៊ុតគ្នាដូចព្យុះ
គិតត្រឹមសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន បានរក្សាតំណែងក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់ ផ្ទុយពីក្រុមគិរីវង់សុខសែនជ័យ ដែលបានបញ្ចប់ភារកិច្ចក្នុងជុំទី១ មុនគេ ដោយមិនទាន់ស្គាល់ជ័យជម្នះម្ដងឡើយ ខណៈជំនួបរវាងក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ និងបឹងកេត មានគ្រាប់បាល់កើតឡើង ៨គ្រាប់ ស្ទើរមិនគួរឲ្យជឿ ក្នុងជំនួបដ៏កក្រើកនៅកីឡដ្ឋាន AIA, KMH Park កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។
សម្រាប់ក្រុមភ្នំពេញក្រោន គឺបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៣-១ នៅកីឡដ្ឋាន Smart RSN ។ ជំនួបតានតឹងនេះ កីឡាករ Gayoso បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន បន្ទាប់ពីចាប់ផ្ដើមលេងបាន ៣នាទី តែត្រូវបានអង្គរថាយហ្គឺរ តាមស្មើវិញ ត្រឹមនាទី១១ ដែលរកបានដោយកីឡាករ Da Silva Feritas Joao Pedro ។ ប៉ុន្ដែប្រមាណ ១០នាទីក្រោយមកខ្សែប្រយុទ្ធសញ្ជាតហ្វីលីពីន Gayoso ក៏រកបានគ្រាប់នាំមុខជាថ្មី នៅនាទី២១ រហូតដល់ចប់វគ្គទី១ ។
ចូលវគ្គទី២ ការប្រកួតកាន់តែជក់ចិត្ត បន្ទាប់ពីការវាយសម្រុកគ្នាកាន់តែខ្លាំង តែអង្គរថាយហ្គឺរ មិនអាចទម្លាយរបាំងការពារក្រុមម្ចាស់ផ្ទះបានទៀតឡើយ ផ្ទុយទៅវិញ ភ្នំពេញក្រោន ក៏រកបាន ១គ្រាប់បន្ថែម ដោយកីឡាករ Yudia Ogawa នៅនាទី៧៩ ហើយបានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយក្រុមសិង្ហក្រហម បានយកឈ្នះក្រុមខ្លាទឹកក្រូច ៣-១ តែម្ដង ។ ជ័យជម្នះនេះ នាំឲ្យភ្នំពេញក្រោន បន្ដឈរកំពូលតារាង ដោយរកបាន ២៧ពិន្ទុពេញ ក្រោយឈ្នះ ៩ប្រកួតជាប់គ្នា គ្រាដែលអង្គរថាយហ្គឺរ បានធ្លាក់មកឈរលេខ៤ ដោយរក្សា ១៦ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៩ប្រកួតឈ្នះ ៥ ស្មើ ១ និងចាញ់ ៣ ។
ចំណែកក្រុមគិរីវង់សុខសែនជ័យវិញ បានបន្ដបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ៧-១ ។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយកីឡាករ Neville Mbanwei Tengeg នៅនាទី៤៥+៥ បន្ទាប់ពីត្រូវក្រុមភ្ញៀវបើកការនាំមុខ ៥គ្រាប់មុន ។ អ្វីដែលពិសេសគឺត្រឹម ១០នាទី កីឡាករ Josemar រកបាន ៤គ្រាប់ម្នាក់ឯងឲ្យកងយោធពលខេមរភូមិន្ទ មុនក្រុមពួកគេបន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ដោយកីឡាករ Tetsuaki Misawa នៅចុងម៉ោង ។
ការបរាជ័យនេះ នាំឲ្យគិរីវង់សុខសែនជ័យ គឺក្រុមដែលបញ្ចប់ការប្រកួតជុំទី១ មុនគេ ដោយមិនស្គាល់ជ័យជម្នះសោះ ក្នុងចំណោម ១០ប្រកួតស្មើ ១ និងចាញ់ ៩ ស្របពេលកងយោធពលខេមរភូមិន្ទ បន្ដឈឬលេខ៨ និងរកបាន ១០ពិន្ទុ ជាមួយលទ្ធផល ៩ប្រកួតឈ្នះ ៣ ស្មើ ១ និងចាញ់ ៥ ។
ដោយឡែកជំនួបដ៏កក្រើកតំបន់វេងស្រេង រវាងម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ និងបឹងកេត បានបញ្ចប់ដោយភាពតានតឹង បន្ទាប់ពីបឹងកេត បើកការនាំមុខ ២គ្រាប់មុន ដោយកីឡាករ Golubovic Stefan នៅនាទីទី៤ និងកីឡាករ Yoshihama Ryohei នៅនាទី២៣ ISI ក៏តាមស្មើវិញ ត្រឹមនាទី៤៨ ដែលធ្វើសម្រេច ២គ្រាប់ដោយកីឡាករ ហាវ សុខនេត្រ ។
បន្ទាប់មកខ្សែប្រយុទ្ធ ម៉ាត់ នូរុណ រកបានគ្រាប់នាំមុខជាថ្មីឲ្យក្រុមនាគខៀវ នៅនាទី៦៣ តែមិនទាន់បាន ៣នាទីស្រលបួលផង ISI ក៏តាមស្មើវិញ ដោយកីឡាករ Louis Willy នៅនាទី៦៧ ខណៈ ២នាទីក្រោយមកកីឡាករជប៉ុន Yoshihama Ryohei ក៏រកបានគ្រាប់នាំមុខឲ្យបឹងកេតម្ដងទៀត នៅនាទី៦៩ ។ ក្រោយវាយសម្រុកគ្នាទៅវិញទៅមក នៅចុងម៉ោងកីឡាករ Louis Willy ក៏រកបានគ្រាប់តាមស្មើឲ្យក្រុមដំរីជ័យ នៅនាទី៩០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។
ការចែកគ្នា ១ពិន្ទុម្នាក់នេះ ធ្វើឲ្យបឹងកេត បន្ដឈរលេខ៦ និងមាន ១៤ពិន្ទុ ក្រោយឆ្លងកាត់ ៨ប្រកួតឈ្នះ ៤ ស្មើ ២ និងចាញ់ ២ នាំមុខ ISI ដង្កោសែនជ័យ ដែលឆ្លងកាត់ ៩ប្រកួតឈ្នះ ៣ ស្មើ ២ និងចាញ់ ៤ រកបាន ១១ពិន្ទុ ។
ដោយឡែកជំនួបសប្ដាហ៍ទី៩ មួយគូទៀតវិញ គឺក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៥-២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ជ័យជម្នះនេះ ធ្វើឲ្យណាហ្គាវើលដ៏ ឡើងទៅឈរលេខ៣ បណ្ដោះអាសន្ន ដោយរកបាន ១៨ពិន្ទុពីការប្រកួត ៩លើកឈ្នះ ៦ និងចាញ់ ៣ គ្រាដែលក្រសួងមហាផ្ទៃ បន្ដឈរលេខ៩ និងរក្សា ៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៩ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ៧ប្រកួត៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា