ព័ត៌មាន
រដ្ឋាភិបាលកម្ពុជា និងភាគីជប៉ុន ជួបពិភាក្សាការងារអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម សេជិ ថាណាកា (Seiji Tanaka) អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារ និងសុខមាលភាព នៃប្រទេសជប៉ុន បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២៤ អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។

ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណភាគីជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកន្លងមក ពិសេសតាមរយៈជំនួយអភិវឌ្ឍរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) និងការបញ្ជូនអ្នកជំនាញឯកទេសជនជាតិជប៉ុនមកកម្ុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) និងសុវត្ថិភាព និងសុខភាពការងារ (OSH) ដែលជាកាតាលីករជំរុញយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងសារៈសំខាន់នៃកម្មវិធីការងារសម្រាប់ការអភិវឌ្ឍជំនាញ (Employment for Skill Development Program) ថ្មីរបស់ជប៉ុន ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ២០២៧ ដោយកម្មវិធីនេះនឹងអាចជួយពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ តាមរយៈការផ្ដល់អាទិភាព និងលើកទឹកចិត្តឱ្យកម្ពុជា ក៏ដូចជាប្រទេសបញ្ជូនដទៃទៀត បង្កើនការបញ្ជូនពលករជំនាញ (Skilled Workers) ទៅជប៉ុន ជាជាងការបញ្ជូនកម្មសិក្សាការីបច្ចេកទេស (Techinal Intern Trainees)។ កម្មវិធីនេះមិនត្រឹមតែរួមចំណែកក្នុងការជួយបង្កើនកម្លាំងពលកម្មជំនាញ និងជំរុញកំណើនសេដ្ឋកិច្ចជប៉ុនប៉ុណ្ណោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ពិសេសក្រោយពលករជំនាញទាំងនោះវិលត្រឡប់មកកម្ពុជាវិញ។

ជាការឆ្លើយតប ឯកឧត្តម សេជិ ថាណាកា បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបញ្ជាក់គោលជំហររបស់ប្រទេសជប៉ុន ក្នុងការជួយគាំទ្រ និងលើកកម្ពស់ប្រព័ន្ធកម្មសិក្សាការី និងពលករជំនាញដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្នបន្ថែមទៀត ព្រមទាំងសង្ឃឹមថា កម្មវិធីបណ្ដុះបណ្ដាលការងារថ្មីរបស់ជប៉ុន នៅឆ្នាំ២០២៧ នឹងក្លាយជាយន្ដការមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងបង្កើនការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញ ដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពកម្មរបស់កម្ពុជា ជាពិសេសសម្រាប់ពលករដែលធ្វើសមាហរណកម្មត្រឡប់មកមាតុភូមិវិញ ដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។ ឯកឧត្តម ក៏បានលើកឡើងពីអាទិភាពថ្មីមួយទៀតរបស់ជប៉ុនសម្រាប់កាលៈទេសៈក្រោយជំងឺរាតត្បាតកូវីដ-១៩ ក្នុងការចែករំលែកឧត្តមានុត្តន៍ និងបទពិសោធន៍ពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ តាមរយៈអង្គការអន្ដរជាតិខាងការងារ (ILO)។ ជារួម ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព៕


-
PR NEWS4 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
ព័ត៌មាន1 week agoក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ