ព័ត៌មាន
ព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ «មរតកយើង»
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍ «វប្បធម៌តាមតំបន់» លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ(មរតកយើង) នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានដាក់បង្ហាញស្វែងយល់នូវសិល្បៈបុរាណខ្មែរ បេតិកភណ្ឌវប្បធម៌ខ្មែរ និងការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជនផងដែរ។

លោក ហ៊ួន សាវង ប្រធាននាយកដ្ឋានសិល្បៈសូនរូប និង សិល្បៈសិប្បកម្មបានថ្លែងថា “មរតកយើង” គឺជាប្រធានបទសំខាន់នៃព្រឹត្តិការណ៍វប្បធម៌ បានប្រារព្ធឡើងលើកទី១ កាលពីឆ្នាំ២០២៣ នៅក្នុងខេត្តពោធិ៍សាត់។ ហើយក្នុងឆ្នាំ២០២៤នេះ “មរតកយើង “បានជ្រើសរើសទីតាំងប្រារព្ធនៅក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានកម្មវិធីសំខាន់ៗដូចជា កម្មវិធីស្វែងយល់អំពបេតិកភណ្ឌវប្បធម៌ខ្មែរសម្រាប់សិស្សានុសិស្ស, ការបង្ហាញទេពកោសល្យសិល្បៈរបស់សិស្សវិទ្យាល័យ ,កម្មវិធីដាល់ អំបុក និង ការបង្ហាញសិល្បៈចម្អិនម្ហូបអាហារខ្មែរ, ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និងផលិត ផលសិល្បៈជំនាញជូនតា, ការសម្តែងសិល្បៈទស្សនីយ ភាពចម្រុះ ព្រមទាំងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទម្រង់ទៀតសម្តែងក្នុងពេលរាត្រី ។
លោកបន្តថា នៅក្នុងព្រឹត្តិការណ៍នេះ មានគោលដៅបញ្ជ្រៀបការ ស្វែងយល់អំពីសិល្បៈវប្បធម៌សិប្បកម្ម និងប្រពៃណីដល់យុវជន និងការបំផុសសិល្បៈមហាជនក្នុងតំបន់ជុំវិញ និង សហគមន៍សិប្បកម្មមួយចំនួនមកដាក់តាំងបង្ហាញផលិតរបស់ខ្លួនដូចជា សិប្បកម្មអនុស្សាតម្បាញចេកខ្មែរ មកពីស្រុកបាណន់ ខេត្តបាត់ដំបង សិប្បកម្មកូកូ ដឺតាកែវ នៅខេត្ត តាកែវ សិប្បកម្មត្នោត ខេត្តពោធិ៍សាត់ និង សិប្បកម្មប្រពៃណីក្នុងសហគមន៍មូលដ្ឋានជុំវិញដូចជា ស្មូនក្អមឆ្នាំងនៅភូមិដំណាក់ចំបក់ តម្បាញកន្ទេលចចូត វេញខ្សែ ជក់ត្នោត ជាដើម ។

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈបានកោតសរសើរចំពោះក្រុមការងារនាយកដ្ឋាន សិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រុមការងាររដ្ឋបាលស្រុកបន្ទាយមាស និងក្រុមការងារវិទ្យាល័យទូកមាស ដែលបានខិតខំប្រឹងប្រែងសហការសាមគ្គីគ្នាយ៉ាងល្អរៀបចំព្រឹត្តិការណ៍មួយនេះឲ្យលេចរូបរាងឡើងយ៉ាងឱឡាឫកគួរជាទីមោទនៈ។ លោកជំទាវ ប៉ែន មុនីមករា បាត់ចាត់ទុកព្រឹត្តិការណ៍ទាំង២ថ្ងៃនេះ ជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់មួយផ្នែកទៀត នៃការចូលរួមអភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌ឱ្យកាន់តែផុលផុស។ ទន្ទឹមនឹងនេះ ការ ចូលរួមនិងការខិតខំបញ្ចេញសមត្ថភាពទេពកោសល្យរបស់សិល្បរ-សិល្បការិនី និងសិស្សានុសិស្សក្នុងព្រឹត្តិការណ៍នេះ ក៏សបញ្ជាក់អំពីភាពផ្សេងៗគ្នានៃវប្បធម៌តាមសហគមន៍នៅកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវលើកតម្លៃស្របទៅតាមអនុសញ្ញាឆ្នាំ ២០០៥ របស់អង្គការយូណេស្កូ។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍នេះមានរៀបចំស្តង់តាំងបង្ហាញ និងបង្ហាត់បង្រៀនអំពីផលិតផលវប្បធម៌ផ្នែកសិល្បៈគំនូរ ឌុក ស្មាច់ ដេប៉ាក់ បត់ផ្កា ធ្វើខ្លែង គូរគំនូរ ផាត់ពណ៌ ដាល់អំបុក ព្រមទាំងវេទិកាពិភាក្សាស្វែង យល់ពីមរតកវប្បធម៌ និងសិល្បៈផ្សេងៗទៀតនៅក្នុងកម្មវិធីពេលថ្ងៃ ចាប់ពីម៉ោង៨ ព្រឹកដល់ម៉ោង៧ល្ងាច។ ក្នុងកម្មវិធីនេះ សាធារណជន ជាពិសេសយុវជន និងក្មួយៗកុមារអាចចូលរួមបានដោយសេរីនៅតាមស្តង់នីមួយ។ដោយឡែកចំពោះទម្រង់សិល្បៈទស្សនីយភាពមកសម្តែងជូនសាធារណជនបានទស្សនាទាំងពីររាត្រីនេះមានក្រុម ភ្លេងប្រពៃណី, គុនល្បុក្កតោ, ចាប៉ីដឹងវែង, សិល្បៈសហសម័យ, ល្ខោនបុរាណ, សិល្បៈសៀក អង្គកាហ្វារពន្លឺសិល្បៈ, និងយីកេអង្គប្រៃ ឬអ្នកស្រុកហៅថា “ឡាំអង្គប្លែ” ក្នុងស្រុកឈូក ខេត្តកំពត ផងដែរ ៕ អត្ថបទ៖ ភារម្យ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា