ព័ត៌មាន
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ អង្គកឋិនមហាសាមគ្គីខ្មែរបង្ហាញពីក្តីនឹករលឹក និងសាមគ្គីភាពរវាងខ្មែរនិងខ្មែរ
ខ្មែរក្រោម៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលដង្ហែទៅកាន់ខ្មែរក្រោម គឺជាអង្គកឋិនទានបានបង្ហាញពីក្តីនឹករលឹក ការស្រឡាញ់រាប់អានគ្នា និងសាមគ្គីភាពរវាងខ្មែរនិងខ្មែរ បើទៅបីរស់នៅទីកន្លែងណាក៏ដោយ ។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរក្រោម ក្នុងឱកាសដឹកនាំដង្ហែអង្គកឋិនាទានទៅកាន់ខ្មែរក្រោម នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា នាឱកាសការជួបជុំគ្នានេះ គឺជាថ្ងៃប្រកបដោយភាពអធិកអធម ក្រៃលែង ក្នុងព្រះបរមនាម សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះរាជាគណៈ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា សមាគមកកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ មហាពុទ្ធបរិស័ទខ្មែរ ជិតឆ្ងាយទាំងអស់ ដែលជាម្ចាស់ដើមទាន ប្រធានផ្តើមបុណ្យ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ពីកម្ពុជា គឺពិតជាមានសេចក្តីរំភើប និងសោមនស្ស រីករាយក្រែលែង ដោយបានចូលរួមក្នុងពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នេះ ដើម្បីនាំយកមកវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តពោធិគិរីវង្សារាម នេះ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា ការគិតគូរពីការដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោមនេះ មិនមែន ទើបតែមានថ្មីៗនេះទេ សម្តេចតេជោ និងសម្ដេចផ្ទសល់បានគិតគូរយូរណាស់មកហើយ ប៉ុន្តែគម្រោងនេះ ត្រូវបានផ្អាកជាច្រើនឆ្នាំដោយសារតែ មានធុរៈគ្រួសារ ក្នុងនោះលោកឱពុកក្មេករបស់សម្ដេច បានទទួលមរណភាពនៅឆ្នាំ២០១៣ និងអ្នកម្តាយបង្កើតសម្ដេច បានទទួលមរណភាព នៅឆ្នាំ២០២០ ជាហេតុធ្វើឱ្យ គម្រោងរៀបចំអង្គកឋិនទាន ដង្ហែមកវត្តខ្មែរក្រោមនេះ ត្រូវបានពន្យារពេល ។
សម្ដេចបានបន្ថែមថា នៅឆ្នាំនេះ ជាពេលវេលាដ៏សមស្រប ដែលសម្ដេចតេជោនិងសម្តេច និងកូនៗ ចៅៗ បានផ្តួចផ្តើមសាជាថ្មីលើការធ្វើអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរក្រោម ហើយក៏បានឯកភាពគ្នា រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនេះឡើងដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានបន្តទៀតថា អង្គកឋិនទាននេះទទួលបានការជួយជ្រោមជ្រែង គាំទ្រយ៉ាងខ្លាំងពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រោមការដឹកនាំរៀបចំដោយផ្ទាល់របស់ សម្តេច ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នោកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរ គ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា។ ដោយសារតែមានការជួយសម្របសម្រួលពីរដ្ឋាភិបាលវៀតណាម និងថ្នាក់ដឹកនាំខេត្តត្រាវិញគ្រប់ជាន់ថ្នាក់ផងដែរ ទើបនៅថ្ងៃនេះ យើងទាំងអស់គ្នា អាចដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ មកកាន់វត្តពោធិគិរីវង្សារាម ប្រកបទៅដោយសេចក្តីសប្បាយរីករាយ និងអំណរសាទរយ៉ាងក្រៃលែង។
អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ របស់យើងនេះ ត្រូវបានចូលរួមយ៉ាងទូលំទូលាយពីសំណាក់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ គណៈសង្ឃនាយកទាំងពីរគណៈ គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផ្សេងទៀត ដើម្បីបង្ហាញពីករួបរួមមហាសាមគ្គីគ្រួសារខ្មែរគ្រប់ទិសទី គឺយើងទាំងអស់គ្នា សុទ្ធសឹង ជាអ្នកគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាដូចគ្នា ។ នេះជាហេតុផល ដែលអង្គកឋិនទាននេះ ត្រូវបានប្រសិទ្ធនាមថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ពោល គឺបងប្អូនខ្មែរ នៅគ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា ។ ជាងនេះទៅទៀត អង្គកឋិនទាននេះ ក៏បានបង្ហាញផងដែរថា រាជ
រដ្ឋាភិបាល និងប្រជាជនខ្មែរ នៅកម្ពុជា និងបងប្អូនខ្មែរនៅគ្រប់ទិសទី តែងតែនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នា នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះ ជាដើម ។
សម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ យើងអាចនិយាយបានថា នេះជាអង្គកឋិនទានជាប្រវត្តិសាស្រ្ត ដែលប្រព្រឹត្តទៅ ដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទនិយាយជារួម និងនិយាយដោយឡែក ក្នុងចំណោមបងប្អូនខ្មែរយើង ក្រោមដំបូលនៃសុខសន្តិភាព និងក្រោមម្លប់ព្រះពុទ្ធសាសនា ដ៏ត្រជាត់ត្រជុំ និងថ្កុំថ្កើងរុងរឿង ។
បើយោងតាមទិន្នន័យ បងប្អូនប្រជាពលរដ្ឋខ្មែរក្រោមភាគច្រើនគោរពប្រណិប័តន៍ ព្រះពុទ្ធសាសនានិកាយថេរវាទ ដោយមានវត្តសរុបចំនួន ៤៦១វត្ត ហើយសម្រាប់ខេត្តត្រាវិញនេះ មានវត្តសរុបចំនួន ១៤៣ វត្ត ក្នុងនោះ ក៏មានវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ជាវត្តដ៏ចំណាស់មួយ ដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែចូលមក ។ វត្តនេះមានអាយុកាល ១២០ ឆ្នាំមកហើយ ពោលគឺត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ ១៩០៥ និងស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្ត ជាច្រើនអង្គ និងបានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាបានការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ហើយបងប្អូនខ្មែរក្រោម ក៏បានប្រើប្រាស់ភាសាខ្មែរ និងប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ខ្មែរយើង ក្នុងជីវភាពប្រចាំថ្ងៃផងដែរ។
សម្ដេចបានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនខ្មែរក្រោម ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត សតិបញ្ញា ថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងបានគង់វង្សល្អ ដោយវត្តអារាម ជាឃ្លាំងថែរក្សាវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ ហើយក៏ជាទីកន្លែងបណ្តុះបណ្តាលចំណេះដឹង ផ្សព្វផ្សយចេញទៅក្រៅ ដើម្បីពលរដ្ឋគោរពប្រតិបត្តិ ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តទៀថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ កើតចេញពីសទ្ធាជ្រះថ្លារបស់គ្រប់ក្រសួងស្ថាប័ននៅកម្ពុជា ជាមួយគ្នានេះដែរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏បានប្រទានព្រះរាជទ្រព្យ ចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លាន
ដុង និង សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ក៏បានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យ ចូលរួមអង្គកឋិនទាននេះ ចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លានដុងផងដែរ ។
សម្រាប់បច្ច័យរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេច ព្រមទាំងក្រុមគ្រួសារ និងបច្ច័យទទួលបានពីសទ្ធាជ្រះថ្លារបស់មហាពុទ្ធបរិស័ទខ្មែរពីគ្រប់ទិសទី ដែលនឹងនាំមកសង្កត់ត្រៃ នៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នឹងត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា រួមមាន៖ ទី១) ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម ២៣ ប៊ីលាន ៨៤២ លានដុង(ម្ភៃបីប៊ីលាន ប្រាំបីរយសែសិបពីរលានដុង)។ ទី២) បច្ច័យសង្កត់ត្រៃធំ៥០ លានដុង (ហាសិនលានដុង)។ ទី៣) បច្ច័យសង្កត់ត្រៃសូត្រស្តាំ ២៥ លានដុង (ម្ភៃប្រាំលានដុង)។ ទី៤) បច្ច័យសង្កត់ត្រៃសូត្រឆ្វេង ២៥ លានដុង (ម្ភៃប្រាំលាន ដុង)។ ទី៥) ប្រគេនបច្ច័យព្រះសង្ឃចំនួន ៥៧ អង្គ គង់នៅ វត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គបច្ច័យចំនួន ១២ លាន ៥ សែនដុង (ដប់ពីរលានប្រាំសែនដុង)។ ទី៦) ជូនគណៈកម្មការ អាចារ្យ យាយជីតាជីចំនួន ១០៤ នាក់ក្នុងម្នាក់ៗ ២លាន៥ សែនដុង (ពីរលានប្រាំសែនដុង)។ ទី៧) ប្រគេនបច្ច័យដល់វត្តចំនួន ១៤២ វត្តក្នុងខេត្តត្រាវិញ ក្នុង ១ វត្ត បច្ច័យចំនួន២៥១ លានដុង (ពីររយហាសិបមួយលានដុង)។ សរុប ថវិកា ដែលត្រូវចំណាយ ក្នុងអង្គកឋិនទាំងមូលចំនួន ៦០ ប៊ីលាន ៥៥៦លាន ៥សែនដុង (ហុកសិបប៊ីលាន ប្រាំរយហាសិបប្រាំមួយលាន ប្រាំសែនដុង) ៕
អត្ថបទ បាន សុខរិទ្ធិ
-
Uncategorized1 week ago
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន2 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
Uncategorized1 week ago
ពលរដ្ឋចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ពេញចិត្ត និងសប្បាយរីករាយ ក្រោយឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន
-
ព័ត៌មាន1 week ago
ស្រោមអនាម័យចំនួនប្រមាណជាង១១ម៉ឺនស្រោម ត្រៀមចែកជូនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
-
ព័ត៌មាន2 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន3 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន4 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
Uncategorized1 week ago
ពលរដ្ឋមកពីបណ្តាខេត្តចូលរួមពិធីបុណ្យអុំទូកថ្ងៃទី១ សប្បាយរីករាយ ក្រោមបរិយាកាសល្អ និងការរៀបចំស្អាត