ព័ត៌មាន
ឱកាសការងារប្រមាណជាង ៤ម៉ឺនកន្លែង បានប្រកាសអំពីតម្រូវការកម្លាំងពលកម្មនៅទូទាំងប្រទេស
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារក្នុងស្រុកចំនួន ៤៤៩,៣៥កន្លែង ក្នុងវិស័យសំខាន់ៗ ចំនួន៣ធំៗ នៅទូទាំងប្រទេស សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។
នៅក្នុងឆាណែលតេឡេក្រាម ចេញផ្សាយ នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ឱកាសការងារខាងលើនេះ មានក្នុងវិស័យដូចជា៖ វិស័យឧស្សាហកម្ម ចំនួន ៣២,១៥៥កន្លែង , វិស័យកសិកម្មចំនួន ៣,០៧៦កន្លែង និងសេវាកម្មចំនួន ៩,៧០៤កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តស្វាយរៀង, រតនគីរី, ក្រចេះ, តាកែវ, កណ្តាល, បន្ទាយមានជ័យ, ស្ទឹងត្រែង, កំពង់ចាម និងបណ្តាខេត្តផ្សេងៗទៀត។ ក្នុងនោះ តម្រូវការកម្លាំងពលកម្មមានដូចជា មន្រ្តីណទា និងប្រាក់កម្ចី, អ្នកបញ្ជាម៉ាស៊ីនដេរ, អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុ, យន្តការី និងអ្នកដំឡើងអគ្គិសនី និងបុគ្គលិកផ្នែកកត់ត្រាស្ថិតិ ហិរញ្ញវត្ថុ និងធានារ៉ាប់រង និងមុខរបរផ្សេងៗជាច្រើនទៀត។
ឯកឧត្តម កត្តា អ៊ន បានបញ្ជាក់បន្ថែមថា សម្រាប់យុវជន សិស្ស និស្សិត ដែលមានបំណងចង់ស្វែងរកការងារ ឬដាក់ពាក្យការងារ អាចទំនាក់ទំនងបានតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមលេខទូរស័ព្ទ 1297 ឬ 1286 ឬតេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចាប់យកឱកាសការងារដែលនៅក្បែរខ្លួន ហើយសូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជាហូរហែរ និងជាច្រើនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តជូនដល់ប្រជាពលរដ្ឋទាំងអស់ទៀតថា សូមធ្វើការពិចារណាអំពីឱកាសការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ ខណៈការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្នគឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ ទី១.គឺប្រាក់ឈ្នួលសមរម្យ ទី២.កន្លែងការងារនៅក្បែរផ្ទះ និងទី៣.ការចំណាយទាបដែលអាចឱ្យបងប្អូនសន្សំសំចៃការចាយវាយជាប្រចាំបាន។
គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ពោលគឺមួយឆ្នាំដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ NEA សម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់លើកិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា។ ទន្ទឹមនេះ NEA បានរៀបចំកម្មវិធី “វេទិកាការងារ” ជាប្រចាំដើម្បីបង្កើតកន្លែងជួបគ្នាដោយងាយស្រួលរវាងនិយោជក និងអ្នកស្វែងរកការងារ ក្នុងការដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដែលរួមមាន៖ កិច្ចសម្ភាសការងារ វេទិកាការងារ និងពិព័រណ៍ការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលក្រុមហ៊ុន សគ្រាប់ធំៗជាច្រើនអាចចូលរួមដាក់តាំងបង្ហាញឱកាសការងារជូនសាធារណជន។ លើសពីនេះ NEA ក៏មានមជ្ឈមណ្ឌលការងារចំនួន ១៤ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៧ ដើម្បីផ្តល់ព័ត៌មាន និងសេវាការងារដោយផ្ទាល់ ជូនយុវជន សិស្ស/និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសផងដែរ៕








-
PR NEWS4 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
ព័ត៌មាន1 week agoក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ