ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ «វិបត្តិតម្លៃស្រូវ បន្ទាប់ពីឥណ្ឌាបញ្ចេញស្រូវទៅលើទីផ្សារ ប៉ុន្ដែឆ្នាំនេះកម្ពុជាអាចសល់ស្រូវលើសឆ្នាំមុនៗសម្រាប់នាំចេញ»
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការឈានដល់វិបត្តិតម្លៃស្រូវ គឺបន្ទាប់ពីប្រទេសឥណ្ឌាបានបញ្ចេញស្រូវទៅលើទីផ្សារ ក្នុងនោះប្រទេសឥណ្ឌូណេស៊ីក៏បានកាត់បន្ថយការនាំចូល និងបង្កើនការផលិតដោយខ្លួនឯង។ ចំណែកកម្ពុជា វៀតណាម និងថៃ សុទ្ធតែចាល់លើការនាំចេញស្រូវដូចគ្នា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំជាវិសាមញ្ញ នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ប៉ុន្ដែឆ្នាំនេះជាឆ្នាំដែលកម្ពុជាអាចសល់ស្រូវលើសពីឆ្នាំមុនៗដែលមានប្រហាក់ប្រហែលជា ៧ លានតោនសម្រាប់បម្រើឱ្យការនាំចេញ ជាពិសេសទៅកាន់ទីផ្សារអ៊ឺរ៉ុប។
សូមជម្រាបថា ពាក់ព័ន្ធនឹងវិបត្តិតម្លៃស្រូវប្រភេទស្រូវ អូអឹម នលនេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវធំៗនៅក្នុងស្រុក កំពុងសហការរួមគ្នាជួយទិញស្រូវពីបងប្អូនកសិករ ដើម្បីទប់ទល់នឹងសភាពការណ៍ដែលទីផ្សារស្រូវអូអឹមកំពុងជួបការលំបាក ទោះបីជាស្តុកស្រូវ និងអង្កររបស់ខ្លួននៅសល់ពេញឃ្លាំងរួចហើយក៏ដោយ ក្នុងនោះម្ចាស់រោងម៉ាស៊ីនខ្លះថែមទាំងជួយទិញប្រភេទស្រូវដែលខ្លួនមិនសូវកិនជាអង្ករទៀតផង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ឃឹម ហ្វីណង់ បានសរសេរលើហ្វេសប៊ុកកាលពីម្សិលមិញថា ពេលវេលានេះ មិនមែនជាពេលដែលវិទ្យុ បម្រើឱ្យបរទេសមួយចំនួនតូច បន្តផ្សព្វផ្សាយញុះញង់ កេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវរបស់វៀតណាមវិញ ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា «រដ្ឋមន្ត្រីក្រសួងកសិកម្មស្តីបន្ទោសកសិករ» ក្នុងចេតនាព្យាយាមធ្វើឱ្យមានការយល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់ការបញ្ចូនសារដ៏មានសារៈសំខាន់របស់ឯកឧត្តមរដ្ឋមន្ត្រីជូនដល់បងប្អូនកសិករក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ។
ឯកឧត្តមបន្តថា ការបកស្រាយពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹមមិនមែនជាការដោះសារឬការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាពការណ៍យ៉ាងជាក់លាក់នៃទីផ្សារអង្ករលើសកលលោកពីសំណាក់អ្នកជំនាញ និងទទួលស្គាល់បញ្ហាដែលកំពុងមាន ដើម្បីផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវដល់បងប្អូនកសិកររួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀសវាងការខាតបង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧