Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាល ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា

ក្នុង សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែ បន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែចាត់ទុក “មនុស្ស» គឺជាធនធានដ៏សំខាន់មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយ ចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងសមត្ថភាពក្នុងការសម្របខ្លួនជាមួយនឹង ការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្ត យកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការជំរុញឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយពង្រឹងអភិបាលកិច្ចសាលារៀន លើកកម្ពស់សកម្មភាពរៀននិងបង្រៀន និងការអប់រំផ្នែកវិន័យ សីលធម៌ ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាអ្នកបន្តវេនរបស់ប្រទេសជាតិ។

សម្ដេចធិបតី លើកឡើងបន្ថែថា រាជរដ្ឋាភិបាលនៅតែ បន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ១) ការពង្រឹងអភិបាលកិច្ចសាលារៀន ២) ការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣) ការយកចិត្ត ទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណី អាហារនៅតាមសាលារៀន និង៤) ការជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋនិងសហគមន៍ ដើម្បីការអប់រំ»។ ជាមួយគ្នានេះ សាលារៀនគ្រប់កម្រិតនឹងត្រូវអភិវឌ្ឍស្របតាមស្តង់ដាសាលារៀនគំរូ ដែលមានស្តង់ដាចំនួន៥ គឺ ១) លទ្ធផលសិក្សារបស់សិស្ស ២) ការបង្រៀននិងរៀន ៣) ការចូលរួមរបស់សហគមន៍ ៤) ដំណើរការ ប្រតិបត្តិនិងរដ្ឋបាលសិក្សា និង៥) គណនេយ្យភាពសាលារៀន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ “ឆ្លៀតក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្នុងការអនុវត្តកំណែ ទម្រង់វិស័យអប់រំនាពេលកន្លងមក រហូតទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ គិតទាំងលទ្ធផលនៃការអប់រំ ប្រចាំឆ្នាំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងលទ្ធផលនៃការវាយតម្លៃការសិក្សារបស់ សិស្សកម្រិតតំបន់ (SEA-PLM 2024) និងកម្រិតអន្តរជាតិ (PISA 2025) គួរជាទីសាទរ”។

សម្ដេចធិបតី លើកឡើងថា លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងអំពីការវិវត្តរបស់ប្រព័ន្ធអប់រំកម្ពុជា ដែលផ្តោតជាចម្បងលើការពង្រីកលទ្ធភាពទទួលបានការអប់រំឆ្ពោះទៅរកការលើកកម្ពស់គុណភាព និងលទ្ធផលសិក្សារបស់សិស្ស តាមរយៈការអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់ រាប់បញ្ចូលទាំងកំណែទម្រង់សាលារៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូបង្រៀន ការលើកកម្ពស់គុណវុឌ្ឍនិងការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន ការវិនិយោគប្រកបដោយ ចីរភាពលើអំណាននិងគណិតវិទ្យាថ្នាក់ដំបូង ការលើកកម្ពស់សមធម៌ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ ព្រមទាំងការពង្រឹងការងារអធិការកិច្ច និងប្រព័ន្ធវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស។

សម្ដេចធិបតី លើកឡើងបន្តថា ចំពោះសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្សមួយផ្នែកតូច ដែលកំពុងរងផលប៉ះពាល់ដោយសារ សង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បន្ថែមលើអន្តរាគមន៍នាពេលកន្លងមក សូមក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនា​​      សម្ព័ន្ធអប់រំ ឱ្យបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ប្រកបដោយសុវត្ថិភាព អនាម័យ និងគុណភាព​។

គួរបញ្ជាក់ថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីដ៏មានអត្ថន័យសម្រាប់ សិស្សានុសិស្សទូទាំងប្រទេស ជាពិសេសកុមារតូចៗដែលទើបដល់អាយុចូលរៀននៅមត្តេយ្យសិក្សា និងបឋមសិក្សា ព្រមទាំងក្មួយៗដែលបានឡើងថ្នាក់ថ្មី បន្ទាប់ពីបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក។ វេលានេះ ជាឱកាសថ្មីមួយទៀតសម្រាប់ក្មួយៗបន្តសិក្សា ឈ្វេងយល់ និងកសាងចំណេះដឹង បំណិន និងគុណតម្លៃ សម្រាប់អនាគតផ្ទាល់ខ្លួន គ្រួសារ និងសង្គម ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕

អត្ថបទ៖ KV Virak

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia