ព័ត៌មាន
ប្រធានរដ្ឋសភាម៉ាឡេស៊ី ស្ញប់ស្ញែងចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម បណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានថ្លែងកោតសរសើរភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយបានសន្យានឹងខិតខំធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគជនជាតិម៉ាឡេស៊ីឲ្យមកកម្ពុជាបន្ថែមទៀត ដើម្បីគុណប្រយោជន៍ របស់ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងកិច្ចជំនួបទ្វេភាគីជាមួយឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានលើកឡើងថា ការរីកចម្រើនដ៏ត្រចះត្រចងរបស់កម្ពុជា ក៏ជាផ្នែកមួយនៃការរីកចម្រើនដ៏ត្រចះត្រចងរបស់អាស៊ានផងដែរ ហើយឯកឧត្តមនឹងព្យាយាមធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគមកបន្ថែមទៀត មកកម្ពុជាសំដៅពង្រឹងដល់វិស័យវិនិយោគ និងពាណិជ្ជកម្មរវាងាឡេស៊ី-កម្ពុជាកាន់តែល្អប្រសើរ មួយវិញទៀតឯកឧត្តមនឹងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍យ៉ាងច្រើនរបស់កម្ពុជា ដើម្បីជំរុញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។

ក្នុងកិច្ចជំនួបនោះដែរឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានសម្ដែងនូវការកោតសរសើរចំពោះពលករកម្ពុជា ដែលកំពុងបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដែលសុទ្ធតែជាអ្នកឧស្សាហ៍ព្យាយាម និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌។ ឯកឧត្តមអះអាងថា ពលករកម្ពុជានៅទីនោះ គឺទទួលបានសិទ្ធិពេញលេញគ្រប់គ្រាន់ពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ី ហើយក៏កំពុងសប្បាយរីករាយ ក្នុងការទទួលយកនូវចំណេះជំនាញសំខាន់ៗ ដែលនេះជាសក្ដានុពលមួយនៅពេលត្រឡប់មកកម្ពុជាវិញ នឹងអាចមានឱកាសជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីនេះជាសារបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងល្អរវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌសភា និងក្របខ័ណ្ឌរាជរដ្ឋាភិបាល ហើយឯកឧត្តមបានចាត់ទុកប្រទេសម៉ាឡេស៊ី ជាដៃគូ និងជាមិត្តដ៏ល្អដែលដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងកិច្ចកសាងសន្ដិភាព និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានរយៈកាល៦៨ឆ្នាំមកហើយ ខណៈម៉ាឡេស៊ី ជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលមកវិនិយោគនៅកម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវបានផ្ដួលរំលំ និងបានចូលរួមយ៉ាងសំខាន់ក្នុងប្រតិបត្តិការកសាងសន្ដិភាព ដោយបានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនមកកម្ពុជានៅឆ្នាំ១៩៩៣នោះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនឯកឧត្តមតាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល អំពីការអភិវឌ្ឍប្រទេសកម្ពុជា ដែលឯកឧត្តមបានឃើញច្បាស់នៅពេលមកទស្សនកិច្ចដោយផ្ទាល់នាពេលនេះ។ ការអភិវឌ្ឍរបស់កម្ពុជា បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមិនអាចខ្វះបានចំពោះការចូលរួមចំណែកពីភាគីមិត្តម៉ាឡេស៊ី តាមរយៈការវិនិយោគ វិស័យពាណិជ្ជកម្ម វិស័យសន្ដិុ វិស័យោធា ការបណ្ដុះប្ដាលមន្ដ្រី (ជិត២,០០០នាក់) និងការមើលថែពលករកម្ពុជាជិត៦,០០០នាក់ នៅប្រទេសម៉ាឡេស៊ីជាដើម។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ទៀតថា ដំណើរការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក៏មិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់បណ្ដាប្រទេសជាមិត្ត ក្នុងតំបន់អាស៊ាន ពិសេសប្រទេសម៉ាឡេស៊ីផងដែរ។ ឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋនិយមថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦-៤៧ និងមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា (AIPA) លើកទី៤៦ នៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខរបស់ម៉ាឡេស៊ីនឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កាផងដែរ៕ អត្ថបទ៖ បាន ចក់



-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន1 week agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»
-
ព័ត៌មាន1 week agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន2 days agoក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ខណៈបណ្ដាញព័ត៌មានថៃផ្សាយថា ពុំមានការស្លាប់នៅភូមិព្រៃចាន់