ព័ត៌មាន
រដ្ឋមន្រ្តីពាណិជ្ជកម្មប៉ាគីស្ថានជម្រាបសម្ដេចតេជោថានឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា
នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាននៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងនូវក្តីរំពឹងថា ទស្សនកិច្ចការងារ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១នេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-ប៉ាគីស្ថានបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេច បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការកំណត់យកការទូតសភា ជាអាទិភាពការងារមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចខិតខំពង្រឹងការងារការទូត នៅក្នុងបរិបទពិភពលោកលោកបច្ចុប្បន្ន ដែល មានការវិវត្តប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ មិនប្រាកដប្រជា និងវិលវល់ចុះឡើង។
នៅក្នុងឱកាសជំនួបនេះ ឯកឧត្តម Jam Kamal Khan បានសម្តែងនូវ ក្តីសោមនស្សរីករាយ កិត្តិយសក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ដែលបានជួយរួមចំណែក ដល់ការពង្រីងនិងពង្រីកទំនាក់ទំនងដ៏យូរអង្វែងនៃ ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរចំពោះភាពរីកចម្រើនអស្ចារ្យរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប សម្តេចតេជោ ថាប៉ាគីស្ថាននឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងកម្ពុជា ដោយសង្កេតឃើញអំពីកាលានុវត្តភាពជាច្រើនរវាងប្រទេសទាំងពីរ និងផលបច្ច័យសេដ្ឋកិច្ចរបស់តំបន់ ដែលកើតចេញពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ នៅក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកបន្ថែមថា ប៉ាគីស្ថាននឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ (GSP) នោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរបបអនុគ្រោះពន្ធនេះ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពស្រដៀងគ្នានៃសេដ្ឋកិច្ចប៉ាគីស្ថាន និងកម្ពុជា ដូចជាការអភិវឌ្ឍលើវិស័យកសិកម្ម វាយនភ័ណ្ឌ និងកាត់ដេរស្បែកជើងជាដើម។ នៅក្នុងបរបិទដូចគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន និងកច្ចខិតខំ្រឹងប្រងរបស់ប៉ាគីស្ថាននៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេស និងតំបន់នានា។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ចំពោះការលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីសំខាន់របស់ សម្តេច ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចបានផ្តល់អនុសាសន៍ថា កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើកកម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។ នៅក្នុងបរិបទេនេះ សម្តេច បានសម្តែងនូវក្តីសង្ឃឹមថា គណៈកម្មាធិការពាណិជ្ជកម្មចម្រុះនៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាពិនិត្យលទ្ធភាពជ្រើសរើសយកវិស័យណាដែលប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបាន ដើម្បីឱ្យស័ក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ សម្តេច បានបន្ថែមថា នៅពេលខាងមុខ គណៈកម្មាធិការចម្រុះ គួរធ្វើការពិនិត្យលើ កិច្ចព្រមព្រៀងស្តីពីការគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម…ដើម្បីជំរុញការវិនិយោគទ្វេភាគី និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរទៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក បន្ថែមទៀត។
ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងដើម្បីជាការគិតគូរពិចារណាផងដែរអំពីភាពប្រហាក់ប្រហែលគ្នា ឬលក្ខណៈស្រដៀងគ្នានៃសេដ្ឋកិច្ចរបស់កម្ពុជា-ប៉ាគីស្ថាន ដែលភាគីទាំងពីរត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជា-ប៉ាគីស្ថាន មានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ជាជាងការប្រកួតប្រជែងគ្នា ដើម្បីចៀសវាងនូវការប៉ះពាល់ទៅលើផលប្រយោជន៍នៃប្រទេសទាំងពីរ។
ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីការវិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីការខិតខំពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា តបទៅនឹងរបត់នយោបាយសេដ្ឋកិច្ចរបស់ប្រទេសធំៗ និងស្ថានភាពនៃរបបអនុគ្រោះពន្ធផងដែរ។ សម្តេចតេជោ ក៏បានជម្រាបជូនអំពីប្រវត្តិសាស្រ្ត និងការកសាង និងថែរក្សាសន្តិភាព និងស្ថិរភាពកម្ពុជារយៈពេលវែង និងមូលដ្ឋាននៃការផ្ទេរអំណាចរបស់សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី។ សម្តេច ក៏បានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំជំនាន់ថ្មីទាំងនោះ ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិ។ សម្តេចតេជោ បានលើកឡើងផងដែរអំពីស្ថានភាពគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិនានា ដូចជាគោលនយោបាយបស់សហរដ្ឋអាមេរិក តាមរយៈការឡើងកាន់តំណែងសាជាថ្មីរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងការវិវត្តរបស់ក្រុមប្រទេស BRICSជាដើម។
នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តម Jam Kamal Khan និងគណៈប្រតិភូ ទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ច និង ភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

-
ព័ត៌មាន6 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន5 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន5 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន4 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន