ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យការបង្កបង្កើនផលស្រូវរដូវប្រាំង និងរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានចុះពិនិត្យការបង្កបង្កើនផលស្រូវរដូវប្រាំង និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅក្នុងឃុំជើងទៀន និងឃុំចុងកាល់ ស្រុកចុងកាល់ និងរោងម៉ាស៊ីនកិនស្រូវមួយចំនួន នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសចុះពិនិត្យនោះដែរឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយប្រជាកសិករ នៅភូមិឆ្កែស្រែង ឃុំជើងទៀន ស្រុកចុងកាល់ ដោយបានដាំដុះស្រូវរដូវប្រាំង សរុបចំនួន ៣៧៧ហិកតា ស្មើនឹង ៨៩គ្រួសារ លើប្រភេទពូជស្រូវ OM៥៤៥១។ និងជួបជាមួយប្រជាកសិករនៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ដោយបានដំាដុះស្រូវរដូវប្រាំងសរុបចំនួន ៤៥៨ហិកតា ស្មើនឹង១៩០គ្រួសារ លើប្រភេទពូជស្រូវ OM៥៤៥១ ចំនួន ៣៣២ហិកតា និងស្រូវដំណើប IR៤៦២៥ ចំនួន ១២៦ហិកតា។
ប្រជាកសិករ បានលើកឡើងថា នាពេលកន្លងមក ពួកគាត់ជួបប្រទះបញ្ហាខ្វះខាតទឹកក្នុងការដាំដុះស្រូវប្រាំង ក៏ប៉ុន្តែដោយមានកិច្ចអន្តរាគមន៍ពីរដ្ឋបាលខេត្ត និងសហការរវាងមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក បានកាយបើកផ្លូវទឹក ដើម្បីបង្ហូរទឹកចូលក្នុងអាងស្តុកទឹកន្ែម។
ជាមួយ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ មន្ទីរកសិកម្ម និងអភិបាលស្រុក បានឧបត្ថម្ភប្រេងម៉ាស៊ូតក្នុង១នាក់ ចំនួន១០០លីត្រ ដើម្បីឱ្យសហគមន៍ប្រើប្រាស់ទឹក ត្រៀមបូមទឹកបង្ហូរចូលក្នុងអាង និងបើកទ្វារទឹកបង្ហូរចូលតាមប្រឡាយ ហើយបន្តបូមចូលទៅក្នុងស្រែរបស់ប្រជាកសិករផងដែរ។
តាមរយៈការសំណូមពរពីប្រជាកសិករ ឯកឧត្តមអនុរដ្ឋលេខាធិការបានឧបត្ថម្ភថវិកាចំនួន ១លានរៀលបន្ថែមទៀត ដើម្បីទិញលូដាក់កាត់ផ្លូវ ដើម្បីបង្ហូរទឹកចូលក្នុងស្រែចំនួន៦កន្លែង និងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ពួកគាត់នៅភូមិឆ្កែស្រែងផងដែរ។
ទន្ទឹមនឹងនេះ ប្រជាកសិករទាំងនោះ បានបង្ហាញការសប្បាយរីករាយ ដោយសារនៅក្នុងភូមិសាស្ត្រទាំងអស់នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែប្រាំង តាមរយៈការគាំទ្រ ទាំងការងារសម្របសម្រួល និងបច្ចេកទេស ពីមន្ទីរកសិកម្មខេត្ត ការិយាល័យកសិកម្មស្រុក និងមន្ត្រីកសិកម្មឃុំ។ អ្វីដែលគួរឱ្យកត់សម្គាល់ ប្រជាកសិករក៏បានចាប់អារម្មណ៌ចង់ស្វែងយល់បន្ថែមពីការកសាង និងចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើម និងទទួលបានផលចំណេញផងដែរ។
លើសពីនេះ ប្រជាកសិករ ទទួលស្គាល់នូវបញ្ហានៃការធ្លាក់ថ្លៃស្រូវរដូវប្រាំង បើធៀបទៅនឹងឆ្នាំមុនៗ ប៉ុន្តែតម្លៃស្រូវបច្ចុប្បន្នក្នុងរង្វង់៨០០រៀលនេះ នៅតែធ្វើឱ្យពួកគាត់អាចទទួលបានផលចំណេញខ្លះដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបន្តជួបពិភាក្សាជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវរបស់លោក អេង សួរ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ដែលរោងម៉ាស៊ីននេះ អាចស្តុកស្រូវបានចំនួន ១០ ០០០ តោន កិនបាន ៥តោន/ម៉ោង សម្ងួតបាន ១៥០តោន/ថ្ងៃ។មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់រោងម៉ាស៊ីនមានទទួលទិញស្រូវនាងខុន ចំនួន ៥ ០០០ ទៅ ៦ ០០០តោន/ឆ្នាំ និងកំពុងសាងសង់ឃ្លំាំស្តុកស្រូវបន្ថែមទៀត ដែលមានលទ្ធភាពអាចស្តុកទុកស្រូវបានចំនួន ២ ០០០តោន។
ក្នុងការជួបពិភាក្សានេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានសំណូមពរស្នើដល់ក្រសួង និងមន្ទីរកសិកម្មខេត្ត ជួយផ្សព្វផ្សាយដល់កសិករគួរផលិតស្រូវប្រភេទពូជបស់ខ្មែរ។ ឆ្លើយតបនឹងសំណើរនេះ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងកសិកម្មបាននឹងកំពុងយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយជូនប្រជាកសិករតាមរយៈផេករបស់ក្រសួង និងចាត់ឱ្យមន្ត្រីកសិកម្មនៅតាមខេត្ត ស្រុក និងឃុំចុះផ្សព្វផ្សាយជូនប្រជាកសិករយ៉ាងផុសផុល ហើយឯកឧត្តមក៏បានលើកទឹកចិត្ត និងស្នើដល់ម្ចាស់រោងម៉ាស៊ីន បន្តជួយប្រមូលទិញស្រូវប្រជាកសិករតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ។
គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងទូទាំងខេត្តឧត្តរមានជ័យ បានចំនួនសរុប១ ៣៥១ ហិកតា ស្មើនឹង២១៧.៩០% នៃផែនការប្រចាំឆ្នាំចំនួន៦២០ហិកតា ស្មើនឹង៤៨៦គ្រួសារ ក្នុងនោះរួមមាន មានពូជ OM៥៤៥១, ស្រង៉ែ និងចំប៉ីស៧០ ដំណើប IR៤៦២៥ និងសែនក្រអូប០១៕

-
ព័ត៌មាន6 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន5 days ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន6 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន1 week ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន1 week ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន5 days ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
ព័ត៌មាន1 week ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មាន6 days ago
ចិនគាំទ្រការធ្វើទំនើបកម្មផ្លូវដែកកម្ពុជា ដើម្បីជំរុញការតភា្ជប់ការដឹកជញ្ជូនកម្ពុជា-ចិន និង ប្រទេសក្នុងតំបន់