ព័ត៌មាន
អាជ្ញាធរមីន និង UNDP ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៤
ភ្នំពេញ ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក Shin YongHwa នាយកភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោកស្រី Kirsty Harris តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Dana Avram លេខាទូតទី១នៃស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ ព្រមទាំងមានការចូលរួមពីក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសកិច្ចប្រជុំនេះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីសមិទ្ធផលនៃសកម្មភាពមីននៅកម្ពុជា ដែលចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ៣.២៩៧ គីឡូម៉ែត្រក្រឡា ដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។ ក្នុងនោះ សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២ លាននាក់ ព្រមទាំងត្រូវបានទទួលស្គាល់ពីសហគមន៍សកម្មភាពមីនសកល។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រប្រកបដោយសប្បុរស និងការបន្តគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំពីមីន និងការបញ្រ្ជាបយេនឌ័រក្នុងសកម្មភាពមីននៅកម្ពុជា។
ឯកឧត្តម ក៏បានថ្លែងអំណរគុណជូនចំពោះលោកស្រី Alissar Chaker ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ។
លោកស្រី Alissar Chaker បានកោតសើរការដឹកនាំរបស់អាជ្ញាធរមីនក្នុងសកម្មភាពមីន ដោយគូសបញ្ជាក់ថាសកម្មភាពមីន ជាសកម្មភាពកសាងជីវិតរបស់ប្រជាជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា តាមរយៈអាជ្ញាធរមីន។ លោកស្រីក៏បាន កោតសរសើរខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលបានលើកមុខមាត់របស់កម្ពុជា នៅក្នុងឆាកអន្តរជាតិ ជាពិសេសនៅក្នុងវិស័យសកម្មភាពមីន។
ជាមួយគ្នានេះ តំណាងស្ថានទូតដែលជាម្ចាស់ជំនួយក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោង ក្រោមការឹកនាំរបស់អាជ្ញាធរមីន និងប្តេជ្ញាបន្តការគាំទ្រសកម្មភាពមីននៅកម្ពុជា។







-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល