ព័ត៌មាន
ឯកឧត្តម សុខ ចិន្តាសោភា ផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងកសិកម្ម ដើម្បីជំរុញការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួនជិត ៤០០នាក់។

នៅក្នុងអង្គពិធីបិទសន្និបាត កាលពីរសៀលថ្ងៃទី២២ ខែមករានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំាប់ថ្នាក់នៃក្រសួងកសិកម្ម និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរថ្នាក់ជាតិ និងខេត្ត កងកម្លាំង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលជាតួអង្គតែមួយក្នុងវិស័យកសិកម្ម បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធសត្វល្អិតលើដំណាំស្រូវ បញ្ហាខ្វះខាតទឹកសម្រាប់ស្រែប្រាំង និងការចុះចែកពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ទាក់ទិនអនុសាសន៍មួយចំនួនដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានដូចជា ១) ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ២) ស្នើក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម ៣) លើកទឹកចិត្តដល់ធនាគារនានា ផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ៤) បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ ៥) ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ និង៦) ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ ដីព្រៃ និងព្រៃលិចទឹក។

យោងតាម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតក្នុងឆ្នាំ២០២៤ ការនាំចេញកសិផលបស់កម្ពុជាទៅទីផ្សារអន្តរជាតិ មានចំនួនប្រមាណ ១១,៧លានតោន គិតជាទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ មានការកើនឡើងប្រមាណ ៣៩% បើធៀបទៅនឹងឆ្នាំ២០២៣។ ផលិតផលកសិកម្មសំខាន់ៗ ដែលកម្ពុជាបាននាំចេញនេះ រួមមានដូចជា ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលជាច្រើនផ្សេងៗទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ជាមួយកំណើននៃការនាំចេញកសិផលនេះ នៅក្នុងឆ្នាំ២០២៤ មានការកើនឡើងដល់ ១១,៧ លានតោន ទៅ ៩៤ប្រទេស កើនឡើង ២០ប្រទេស ក្នុងនោះមានស្រូវជាង ៥លានតោន និងអង្ករ ៦៥ ម៉ឺនតោន ទៅកាន់ ៧៥ប្រទេស៕ អត្ថបទ ឈិត បូរ៉ាវី

-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល