ព័ត៌មាន
កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
ភ្នំពេញ ៖ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការជាតិនេះ ជាយន្តការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ យន្តការនេះមិនទៅជំនួសយន្តការដែលមានស្រាប់ (ថ្នាក់ជាតិ រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់) នោះទេ តែជាយន្តការបំពេញបន្ថែម ហើយទន់ភ្លន់ មានតម្លាភាព ដែលអាចប្រើប្រាស់បានទៅតាមកន្លែង និងស្ថានភាពខុសៗគ្នា។
គណៈកម្មាធិការនេះ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន អមដោយអនុ្រធានចំនួន ១១រូប និងសមាជិកចំនួន ៥១រូប និងមានលេខាធិការដ្ឋានមួយជាសេនាធិការ។
ជាលទ្ធផល លេខាធិការដ្ឋាន ផ.ក.អ. បានចុះកំណត់ទីតាំងដី និងផ្ទៀងផ្ទាត់នៅទីតំាងតំបន់អូរឃ្លៀង អូរសែវ អូរចំបក់ ក្រឡាពស់ ស្ថានីយ៍ផ្សព្វផ្សាយភូតតាគាម និងអូរប្រាំដំឡឹង ក្នុងខេត្តស្ទឹងត្រែង និងបានសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិចុះសម្រង់បញ្ជីឈ្មោះអ្នកទន្ទ្រានដីនិងដាំដុះ និងកំណត់និយាមការផ្ទះ ទីតាំងដីនៅតំបន់អូរចំបក់ និងអូរសែវ។ លេខាធិការដ្ឋាន ផ.ក.អ. បានចុះបណ្តុះបណ្តាលផ្ទៃក្នុងតម្រង់ទិសជាប្រចាំដល់មន្ត្រីលេខាធិការដ្ឋាន និងបានចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយស្តីពីការអនុវត្ត «កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ចំនួន ៦ទីតាំង (ភូមិភាគ) មាន ២៥រាជធានី ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៣ ៥១៩នាក់ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់ ២១ ខែមករា ឆ្នាំ២០២៥។
តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ (ការកំណត់ទីតាំងផ្តល់ដី ការផ្សព្វផ្សាយនិងផ្តល់ពត៌មាន) ទី២. ដំណាក់កាលបច្ចេកទេស ទី៣. ដំណាក់កាលពិនិត្យភាពសមស្រប (ការជ្រើសរើស) ទី៤. ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាព និង ទី៥. ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍ។ បន្ទាប់ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដីកសិកម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តំបន់នេះ មានទំហំជិត ១០ ០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោងដីសម្បទានសង្គមកិច្ច៕





-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន15 hours agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ