ព័ត៌មាន
រដ្ឋមន្ត្រីកសិកម្មជួបសំណេះសំណាលជាមួយកសិករផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែរបស់ពលរដ្ឋប្រមាណ២០០គ្រួសារ ក្នុងស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ កាលពីនារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំតំណាងសហគមន៍ និងប្រជាកសិករប្រមាណ ២០០គ្រួសារមកពីឃុំចំនួន៤ រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណើររបស់តំណាងសហគមន៍ និងប្រជាកសិករក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព តាមរយៈការស្តារប្រឡាយចាស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្មតាមរយៈមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ត្រូវមានការកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មាន ចែករំលែកបន្ត និងផ្សព្វផ្សាយទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ។
ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តបេសកកម្មជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជំនាញ ប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហការី ដើម្បីសិក្សាពីផែនទីដែលត្រូវត្រៀមស្តារប្រឡាយចាស់ សរុបប្រវែង ៤០គីឡូម៉ែត ដើម្បីត្រង់យកទឹកភ្លៀងសម្រាប់ជួយស្តុកទុកទឹកស្រោចស្រពស្រូវ ជូនប្រជាកសិករនៅរដូវប្រាំងប្រមាណ ១ម៉ឺនហិកតា ឱ្យបានគ្រប់គ្រាន់តាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧