ព័ត៌មាន
កម្ពុជា និងម៉ាឡេស៊ីពង្រឹងការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងអាស៊ានបៃតង និងកិច្ចសហប្រតិបត្តិការបរិស្ថាន
នៅក្នុងកិច្ចជំនួបការទូតថ្មីៗនេះរវាង ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីដែលទើបបានទទួលការតែងតាំង និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះនិរន្តរភាពបរិស្ថាន ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងអាស៊ានបៃតង និងបច្ចេកវិទ្យាបណ្តុះកូនឈើ។

ក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមបរិស្ថានពិសេសរបស់កម្ពុជាទៅលើភាពស្អាត ភាពបៃតង និងចីរភាព រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សចំនួនសត្វផ្សោតទឹកសាប និងបំណងស្នើសុំដាក់ដែនជម្រកសត្វផ្សោតជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយបរិស្ថានរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ម៉ាឡេស៊ីក្នុងការសហការបន្ថែមទៀត។

កិច្ចសន្ទនាក៏បានផ្តោតជាពិសេសលើ កិច្ចព្រមព្រៀងអាស៊ានបៃតង – ASEAN Green Deal ដែលផ្តួចផ្តើមដោយកម្ពុជាក្នុងឆ្នាំ២០២២។ ភាគីទាំងពីរបានទទួលស្គាល់សារៈសំខាន់នៃការពង្រីកគំនិតផ្តួចផ្តើមទាំងនេះ និងបានបង្ហាញពីក្តីប្រាថ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យផ្តោតលើការដាំព្រៃឡើងវិញ និងការអភិវឌ្ឍប្រភេទដើមឈើដែលមានភាពធន់តាមរយៈបច្ចេកវិទ្យាទំនើបក្នុងការថែទាំ និងបណ្តុះកូនឈើប្រើប្រាស់ជាលិកា (Tissue Culture Technologies) ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា “គោលដៅរបស់យើងគឺធ្វើឱ្យកម្ពុជាកាន់តែមានភាពបៃតង តាមរយៈការដាំស្តារព្រៃឡើងវិញនៅតំបន់ដែលរងផលប៉ះពាល់ដោយការកាប់ឈើខុសច្បាប់ និងភ្លើងឆេះព្រៃ”។ “តាមរយៈការសហការជាមួយម៉ាឡេស៊ី យើងមានគោលបំណងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ពួកគាត់ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍លើការដាំដើមឈើ ដោយផ្តោតលើប្រភេទដែលធន់នឹងការប្រែប្រួលអាកាសធាតុ”។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានគាំទ្រសំណើនេះ ដោយគូសបញ្ជាក់ពីការចូលរួមរបស់ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីនៅកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (Corporate Social Responsibility:CSR) លើសកម្មភាពដាំដើមឈើ និងសកម្មភាពសម្អាតទន្លេជាដើម។ កំឡុងពេលដែលម៉ាឡេស៊ីកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ ប្រទេសទាំងពីរចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលផ្តោតលើវិស័យបរិស្ថាន។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ីក្នុងការចែករំលែកជំនាញ និងធនធានដើម្បីគាំទ្រគោលដៅបរិស្ថានរបស់កម្ពុជា។ កិច្ចជំនួបនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ដោយសង្កត់ធ្ងន់លើតម្លៃបរិស្ថានរួមគ្នា និងសកម្មភាពរួមគ្នានៅក្នុងសហគមន៍អាស៊ាន៕

-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល