ព័ត៌មាន
សាលារៀនចាប់ផ្ដើមប្រឡងរកសិស្សពូកែដើម្បីបន្តចូលរួមប្រកួតថ្នាក់រាជធានី-ខេត្ត និងថ្នាក់ជាតិ
វិទ្យាល័យនីមួយៗ បានចាប់ផ្ដើមរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំសាលា សម្រាប់សិស្សថ្នាក់ទី ៩ និងសិស្សថ្នាក់ទី ១២។ ការប្រឡងនេះ គឺធ្វើឡើងលើមុខវិជ្ជា គណិតវិទ្យា អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា ក្នុងគោលដៅជ្រើសយកអ្នកទទួលបានពិន្ទុខ្ពស់ចូលរួមប្រកួតប្រជែងសិស្សពូកែ ថ្នាក់រាជធានី-ខេត្ត និងការប្រឡងសិស្សពូកែថ្នាក់ជាតិ។

គិតត្រឹមពេលនេះសាលារៀនកម្រិតវិទ្យាល័យមួយចំនួន បានបញ្ចប់ការប្រឡងសិស្សពូកែប្រចាំសាលារួចរាល់ រីឯ សាលាខ្លះទៀតបានដាក់កាលបរិច្ឆេទសម្រាប់ការប្រឡងនាពេលបន្តបន្ទាប់។ សម្រាប់វិទ្យាល័យជាស៊ីមសាមគ្គី បានបញ្ចប់ការប្រឡងរួចរាល់ ដោយប្រមូលសិស្សពូកែភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា ប្រចាំថ្នាក់ទី ៩ និងថ្នាក់ទី ១២ ដើម្បីប្រឡង និងជ្រើសយកសិស្សដែលទទួលបានពិន្ទុខ្ពស់ជាងគេប្រចាំសាលា។

លោក ផាន់ និល ជានាយកវិទ្យាល័យជាស៊ីមសាមគ្គី បានលើកឡើងថា ការប្រឡងនេះមានការសម្រិតសម្រាំងជាខ្លាំង ទាំងដំណាក់កាលមុនប្រឡង ដំណាក់កាលប្រឡង និងដំណាក់កាលកំណែ។ គោលដៅតែមួយគត់ គឺរើសសិស្សដែលខ្លាំង បន្តទៅការប្រឡងសិស្សពូកែថ្នាក់រាជធានី និងអាចមានឱកាសបន្តចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ។ លោកលើកឡើងដែថា សាលានឹងរៀបចំការបំប៉នថែមសម្រាប់សិស្សពូកែប្រចាំសាលា ដើម្បីឱ្យសមត្ថភាពពួកគេកាន់តែខ្លាំងផងដែរ។

ក្រោយបញ្ចប់ការប្រឡង និងទទួលលទ្ធផល សិស្សពូកែទទួលបានពិន្ទុខ្ពស់ជាងគេទាំង ៣រូប សម្រាប់មុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងរូបវិទ្យា នៅកម្រិតថ្នាក់ទី ១២ លើកឡើងពីភាពសប្បាយចិត្ត ដែលនឹងក្លាយជាបេក្ខភាពបន្តទៅប្រឡងសិស្សពូកែប្រចាំរាជធានីភ្នំពេញ។ ពួកគេលើកឡើងថា បច្ចុប្បន្នពួកគេប្រឹងប្រែងរៀនសូត្របន្តជាខ្លាំង ព្រោះគោលដៅមិនមែនត្រឹមប្រឡងសិស្សពូកែថ្នាក់រាជធានីនោះទេ។ គោលដៅគឺប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីមានឱកាសបន្តចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ។

សម្រាប់ការប្រឡងសិស្សពូកែថ្នាក់រាជធានីភ្នំពេញ តាមការលើកឡើងរបស់លោក ហេង សារិន អនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ ទទួលបន្ទុកការងារប្រឡង បញ្ជាក់ថាការប្រឡងសិស្សពូកែក្របខណ្ឌរាជធានីភ្នំពេញ គ្រោងធ្វើនៅថ្ងៃទី ១០ ខែមីនា ខាងមុខ។ ចំពោះចំនួនបេក្ខជនដែលនឹងចូលរួមគឺប្រមាណជាង ៦០០នាក់។ លោកលើកឡើងដែរថា ការប្រឡងសិស្សពូកែសម្រាប់រាជធានីភ្នំពេញ នឹងជ្រើសយកសិស្សពូកែ ២៤នាក់ សម្រាប់ទាំងពីរកម្រិតថ្នាក់ ថ្នាក់ទី ៩និងថ្នាក់ទី ១២ ដើម្បីបន្តចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ។
សម្រាប់ឆ្នាំសិក្សាថ្មីនេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងសិស្សពូកែថ្នាក់ជាតិឡើងវិញ ក្រោយប្រកាសថាមានការផ្អាក។
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំ នៃការប្រឡងនៅឆ្នាំសិក្សា២០២៣-២០២៤។ ក្រសួង នឹងចេញសេចក្ដីណែនាំបច្ចេកទេសសម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ក្នុងពេលឆាប់ៗនេះ៕ អត្ថបទ៖ គឹម ហុក



-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល