ព័ត៌មាន
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត តំណាងសម្ដេចធិបតី អញ្ជើញចូលរួម “កិច្ចប្រជុំកំពូលស្ដីពីបញ្ញាសិប្បនិម្មិត” នៅសាធារណរដ្ឋបារាំង
ប៉ារីស៖ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលស្ដីពីបញ្ញាសិប្បនិម្មិត” នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងឥស្សរជនតំណាងប្រទេសចំនួន ១០០ប្រទេស ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មជ្ឈដ្ឋានសិក្សានិងស្រាវជ្រាវ និងអង្គការអន្តរជាតិជាច្រើន ដែលមានអ្នកចូលរួមសរុបប្រមាណ ១,៥០០នាក់។
កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធទាំងអស់លើកាលានុវត្តភាព និងបញ្ហាប្រឈមកើតចេញពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយផ្ដោតលើមូលបទចំនួន ៥ គឺ (១) នវានុវត្តន៍និងវប្បធម៌ (២) អនាគតនៃវិស័យការងារ (៣) បញ្ញាសិប្បនិម្មិតដែលគួរឱ្យទុកចិត្ត (៤) បញ្ញាសិប្បនិម្មិតបម្រើប្រយោជន៍សាធារណៈ និង (៥) អភិបាលកិច្ចកម្រិតសាកលលើបញ្ញាសិប្បនិម្មិត។
តាមរយៈកិច្ចប្រជុំកំពូលនេះ ភាគីពាក់ព័ន្ធទាំងអស់បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើកបញ្ហាសំខាន់ៗមួយចំនួន ដូចជា ទី១. ការធ្វើនិយ័តកម្ម និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដើម្បីបញ្ចៀសភាពអវិជ្ជមាន ទី២. ការចាប់យកបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា ទាំងរដ្ឋាភិបាល ធុរកិច្ច ពលរដ្ឋ និងសង្គមស៊ីវិល ទី៣. នវានុវត្តន៍ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីក្នុងការអភិវឌ្ឍថ្នាល កម្មវិធី និងប្រព័ន្ធផ្សេងៗមានស្តង់ដានិងលក្ខណៈបើកចំហរ ទី៤. ការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងទី៥. កិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់។ ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួម រួមទាំងកម្ពុជា បានគាំទ្រលើ “សេចក្ដីថ្លែងការណ៍ស្ដីពីបញ្ញាសិប្បនិម្មិតប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់មនុស្សជាតិ និងភពផែនដី”។ ដោយឡែក សហរដ្ឋអាម៉េរិកនិងចក្រភពអង់គ្លេសមិនគាំទ្រសេចក្តីថ្លែងការណ៍នេះទេ ដោយបញ្ជាក់ថា ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតមិនគួរមានបទប្បញ្ញត្តិរិតត្បិតទេ ពីព្រោះការរិតត្បិតនេះអាចនឹងក្លាយជាឧបសគ្គក្នុងជំរុញនវានុវត្តន៍ និងឈានដល់ការសម្លាប់ក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ។
កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិតលើកនេះ គឺជាកិច្ចប្រជុំបន្តពីកិច្ចប្រជុំកំពូលនៅចក្រភពអង់គ្លេសឆ្នាំ២០២៣ និងនៅសាធារណរដ្ឋកូរ៉េឆ្នាំ២០២៤ ហើយកិច្ចប្រជុំកំពូលបន្ទាប់នឹងរៀបចំនៅសាធារណរដ្ឋឥណ្ឌា៕



-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
PR NEWS1 day agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន6 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន5 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន6 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន6 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)