ព័ត៌មាន
NEA នាំយកឱកាសការងារជិត៩ពាន់កន្លែង ជូនកម្មករនិយោជិតរោងចក្រ ហ្វ័រម៉ាត ដែលត្រូវបានអគ្គិភ័យឆាបឆេះ
មជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែកុម្ភៈនេះ បានសហការជាមួយក្រុមហ៊ុន សហគ្រាសចំនួនជាង១០ ដោយផ្តល់ឱកាសការងារចំនួនជិត ៩ពាន់កន្លែង ជូនដល់ដល់កម្មករនិយោជិតរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានឆាបឆេះកាលពីថ្មីៗកន្លងទៅ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ជាការឆ្លើយតបស្ថានភាពចំពោះមុខ និងដើម្បីជួយសម្រួលបញ្ហាប្រឈមភ្លាមៗរបស់កម្មករនិយោជិត ពិសេសស្របតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្ដីនៃ NEA ជាមួយក្រុមហ៊ុនឯកជន បានសហការគ្នាដើម្បីរង់ចាំជួយសម្របសម្រួលដល់ការចុះឈ្មោះ និងសម្ភាសន៍ការងារភ្លាមៗជូនកម្មករនិយោជិត។
លោកបានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់ នៃរោងចក្រដែលត្រូវបានអគ្គិភ័យឆាបឆេះ ក៏ដូចជាប្រជាពលរដ្ឋទូទៅរស់នៅតំបន់នេះ ក៏អាចអញ្ជើញមកចុះឈ្មោះស្វែងរកការងារធ្វើកន្លែងថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័ត ដែលមានមន្រ្ដី និងតំណាងរោងចក្រ សហគ្រាស រង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនកម្មករនិយោជិតនៅមុខរោងចក្រ ហ្វ័រម៉ាត នេះតែម្តង។
លោក ឆូយ វិបុល ប្រធានផ្នែកអនុលោមច្បាប់សង្គម មកពីរោងចក្រកាត់ដេរ សូឡាម៉ូដា ស្ថិតនៅស្រុកបាទី ខេត្តតាកែវ បានឲ្យ ប៊ីធីវី ដឹងថា សម្រាប់រោងចក្រលោកមានតម្រូវការកម្លាំងពលកម្មជាច្រើននាក់បន្ទាន់ ចំនួនប្រមាណជាង ៥០០នាក់ ដោយសារោងចក្រមានការពង្រីកអគារបន្ថែម ក្នុងនោះត្រូវការជំនាញផ្នែកដេរ ផ្នែកតុកាត់ ផ្នែកពិនិត្យគុណភាព និងអ្នកបកប្រែភាសាចិនជាដើម។ លោកបានបន្តថា ចំពោះប្រាក់ចំណូលប្រចាំខែ កម្មករនិយោជិតនឹងអាចទទួលបានចន្លោះ ៣៦០ ទៅ ១ពាន់ដុល្លារ ក្នុងមួយខែ ទៅតាមជំនាញ និងមុខតំណែង។
ស្រដៀងគ្នានេះ លោក វ៉ិត សង្ហា ប្រធានរដ្ឋបាលរោងចក្រ ខេអេច វីស្តារ ហ្គាម៉ិន ឯ.ក ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ ក្បែររង្វង់មូលគួរស្រូវ បានឲ្យ ប៊ីធីវី ដឹងដែរថា សម្រាប់រោងចក្រលោក ក៏មានតម្រូវការកម្លាំងពលកម្មបន្ទាន់ដូចគ្នាដែរ គឺចំនួន ១ពាន់នាក់ ខាងផ្នែកដេរ ក្នុងនោះសម្រាប់អ្នកមិនចេះសោះក៏ទទួលដែរ ដោយសាររោងចក្រមានការបង្រៀនមុនអនុញ្ញាតចូលបំពេញការងារ។ លោកបានបន្តថា រីឯប្រាក់ខែ រួមមានប្រាក់ឈ្នួលអប្បបរមា បូកបន្ថែមជាមួយអត្ថប្រយោជន៍ផ្សេងៗ មានដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃបាយ និងប្រាក់ស្នាក់នៅនិងធ្វើដំណើរជាដើម កម្មករនិយោជិតអាចទទួលចន្លោះ ៣៥០ ទៅ ៥០០ដុល្លារ ក្នុងមួយខែ ទៅតាមជំនាញ និងមុខតំណែងនីមួយៗ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលមានកម្មករនិយោជិតបម្រើការងារសរុបចំនួន ៤៦៦នាក់ ត្រូវបានអគ្គិភ័យឆាបឆេះ និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។ ករណីនេះដែរ មិនបណ្តាលឲ្យកម្មករនិយោជិតណាមួយរងគ្រោះថ្នាក់នោះទេ ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកមូលហេតុបង្ករឲ្យមានអគ្គិភ័យនេះផងដែរ។
ក្នុងពេលដែលរោងចក្រត្រូវការដំណើរការសាងសង់ឡើងវិញក្នុងរយៈពេល ៤ខែ ដូចនេះសូមកម្មករនិយោជិតស្វែងរកការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមន្រ្ដីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិត នៅមុខរោងចក្រនេះតែម្តង។ បន្ទាប់ពីរោងចក្រសាងសង់រួចរាល់ឡើងវិញ កម្មករនិយោជិតក៏អាចពិចារណាក្នុងការវិលត្រឡប់ចូលមកធ្វើការងារវិញបានដូចគ្នាផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន1 week ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន5 days ago
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
-
ព័ត៌មាន1 week ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
-
ព័ត៌មាន1 week ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន6 days ago
អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារពាក់ព័ន្ធកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្ន រយៈពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ
-
ព័ត៌មាន6 days ago
សម្ដេចតេជោ អំពាវនាវឱ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់បន្លែផ្លែឈើក្នុងស្រុក ដោយព្រមានបិទការនាំចូលពីថៃ