ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការគន្លឹះដើម្បីសម្រេចគោលដៅឆ្ពោះទៅការធ្វើទំនើបកម្មស្ថាប័នរដ្ឋបាលសាធារណៈ ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ
ភ្នំពេញ៖ តបតាមសំណើរបស់ធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួប លោកស្រី Lalita M.Moorty នាយិកាធនាគារពិភពលោក ផ្នែកវិបុលភាពប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងសហការី នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។ កិច្ចជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ក្រសួងផងដែរ។
ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងធនាគារពិភពលោក នាពេលកន្លងមក ដែលស្របតាមចក្ខុវិស័យ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកស្រី Lalita M.Moorty បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងយល់បន្ថែមពីការងារកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា និងមានបំណងក្នុងការពិភាក្សាបន្តលើកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក និងក្រសួងមុខងារសាធារណៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកត់សម្គាល់នូវកិច្ចសហការ និងការបន្តគាំទ្រពីធនាគារពិភពលោក តាមរយៈគម្រោងវិនិយោគលើវិស័យសំខាន់ៗនានា ព្រមទាំងបានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានគាំទ្រវិស័យមុខងារសាធារណៈ ដោយការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងមុខងារសាធារណៈ ក៏ដូចជាសាលាភូមិន្ទរដ្ឋបាល ជាពិសេសតាមរយៈជំនួយផ្នែកបច្ចេកទេស និងការសហការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃក្រសួង និងមន្ត្រីរាជការដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋបាលសាធារណៈ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនប្រតិភូធនាគារពិភពលោក នូវចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសលើការអនុវត្តវិធានការគន្លឹះទាំង៣ ដើម្បីសម្រេចគោលដៅឆ្ពោះទៅការធ្វើទំនើបកម្មស្ថាប័នរដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
តាមរយៈកិច្ចជំនួបរសៀលនេះដែរ ថ្នាក់ដឹកនាំ និងអង្គប្រជុំ ក៏បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នា លើការពិនិត្យលទ្ធភាព ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ឱ្យកាន់តែចំគោលដៅបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការសម្រេចជោគជ័យនូវការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកិច្ចការជាអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧៕










-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ