ព័ត៌មាន
សេចក្តីព្រាងច្បាប់ចំនួនពីរ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងនាព្រឹកនេះ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងនៅព្រឹកនេះ ដោយសំឡេង ១១៥សំឡេងនៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំចំនួន ១១៥ រូប។
ទី១. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មានចំនួន៧មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទំាងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទំាងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទំាងនេះវិលត្រឡប់មកវិញនៅកម្ពុជា។
ទី២. សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មានចំនួន៤ជំពូកនិង១៥មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទំាងនោះ ព្រមទំាងការពារផលប្រយោជន៍របស់ម្ចាស់វត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ដោយវត្ថុចាប់យកនៅក្នុងដំណាក់កាលនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌ មិនទាន់ក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឡើយ សេចក្តីព្រាងច្បាប់នេះ បានកំណត់យកស្ថាប័នអយ្យការនិងស្ថាប័នតុលាការ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក នៅតាមដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៧ មាត្រា៨៣ ដែលបានចែងថា រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដោយសារសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ បានដំណើរការមកដល់ពេលនេះ គឺ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានរយៈពេលជាង៣ ខែហើយ ដូច្នេះ រដ្ឋសភាសូមប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាល៧ ចាប់ពីថ្ងៃនេះតទៅ។
នៅក្នុងរយៈពេលជាងបីមកនេះ រដ្ឋសភាបានបំពេញការងារយ៉ាងសកម្មក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋលើមុខងារនីតិកម្ម មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមទំាងការងារការទូតសភា និងសកម្មភាពសង្គមជាច្រើនទៀត។ ចំពោះលទ្ធផលការងាររបស់រដ្ឋសភានៅក្នុងរយៈពេលបីខែ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាល៧ សម្រេចបានលទ្ធផលអ្វីខ្លះនោះ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងជូនដំណឹងជម្រាបជូនសាធារណជនបានជ្រាបជាបន្តទៀត៕
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន6 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន3 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង
-
ព័ត៌មាន3 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន1 day agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក