ព័ត៌មាន
កម្ពុជា-វៀតណាម បន្តយកចិត្តទុកដាក់រួមគ្នា ទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានគូសបញ្ជាក់ជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ខិតខំទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងកើតឡើងនៅលើពិភពលោក គួរឲ្យបានព្រួយបារម្ភ ។
លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាត្រង់ទៅត្រង់មក អំពីបទពិសោធន៍ និងលទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៤ ព្រមទាំងទិសដៅបន្តសម្រាប់ឆ្នាំ២០២៥ ។
លោកបន្តថា ប្រធានបទសំខាន់ៗ នៃជំនួបទាំងពីរកម្រិត មានជាអាទិ៍ ការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ការអនុវត្តច្បាប់ ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងសភាពការណ៍តំបន់ និងពិភពលោក ដោយភាគីទាំងពីរបង្ហាញការពេញចិត្តចំពោះលទ្ធផលសម្រេចបាន ក្នុងស្ថានភាពពិភពលោក មានការប្រឈមបញ្ហាស្មុគស្មាញ ទាំងបទល្មើសមិនប្រពៃណី ដូចជាអំពើឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស រួមទាំងបញ្ហាសង្គ្រាមប្រដាប់អាវុធ និងការប្រជែងភូមិសាស្រ្តនយោបាយ។
លោក រ៉េន រតនៈ បានបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកឧត្តម លឿង តាមក្វាង បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ រួមមាន ទី១. កិច្ចសហប្រតិបត្តិការការពារសន្តិសុខជាតិ កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍, ទី២. កិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបឧក្រិដ្ឋកម្ម រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម, ទី៣. កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរគណៈប្រតិភូបំពេញទស្សនកិច្ចការងារ និងព្យាបាលជំងឺ, ទី៤. កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងបំពាក់បំប៉នមន្រ្តី និងទី៥. កិច្ចសហប្រតិបត្តិការវិស័យភស្តុភារ និងសម្ភារៈបច្ចេកទេស។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជួបសម្ដែងការគួសមជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ។ ក្នុងជំនួបនោះ ប្រមុខក្រសួងមហាផ្ទៃ បង្ហាញអំណរសាទរចំពោះទំនាក់ទំនងដ៏ល្អ និងបញ្ជាក់ពីការគាំទ្រពេញទំហឹង ចំពោះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលបានឯកភាពពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឈរលើស្មារតីភាពជា អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ។
ឯកឧត្តម ផាម មិញជិញ បានបង្ហាញការអបអរសាទរ និងគាំទ្រខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេស ការឈានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ ដោយបានបង្ហាញការជឿជាក់ជាថ្មីទៀតថា ស្ថាប័នទាំងពីរនឹងបន្តកិច្ចសហប្រត្តិការល្អជាមួយគ្នា ដើម្បីនាំមកនូវវិបុលភាពជូនរដ្ឋាភិបាល និងប្រជាជនទាំងសងខាង ៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព