ព័ត៌មាន
ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
ខេត្តកែប៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានបន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប, លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប, លោក ឃន វុទ្ធី អភិបាល នៃគណៈអភិបាលក្រុងកែប, លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ, មន្ត្រីជំនាញ, អាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈគ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្រុមបច្ចេកទេសជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា ប្រធានក្រុមការងារបានគូសរំលេចពីការយកចិត្តទុកដាក់ និង អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ចំពោះសុខុមាលភាព និងសុវត្ថិភាពនៃការសិក្សារបស់សិស្សានុសិស្សនៅតាមមូលដ្ឋាន។ ការចុះពិនិត្យ និងវាយតម្លៃដល់ទីតាំងផ្ទាល់នេះ ធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់អគារសិក្សា និងកំណត់អាទិភាពសម្រាប់ការជួសជុល និងសាងសង់ឡើងវិញ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលាបានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ចំពោះការយកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះវិស័យអប់រំ តាមរយៈការចាត់តាំងក្រុមការងារឱ្យចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមមូលដ្ឋាន ព្រមទាំងបានប្តេជ្ញាសហការ និងសម្របសម្រួលជាមួយក្រុមការងារតាមលទ្ធភាព ដើម្បីចូលរួមជំរុញការងារជួសជុល និងសាងសង់ឡើងវិញឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។
គួរបញ្ជាក់ផងដែរថា សាលារៀនទាំង ៦ ទីតាំង ដែលក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃ មានអគារសិក្សា និងអគាររដ្ឋបាលសរុបចំនួន ១៤ ខ្នង ស្មើនឹង ៩៨ បន្ទប់ រួមមាន៖
១. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប មានអគារសរុប ៤ ខ្នង ស្មើនឹង ៦៧ បន្ទប់
២. សាលាបឋមសិក្សា ហ៊ុន សែន កំពង់ត្រឡាច ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប មានអគារ ២ ខ្នង ស្មើនឹង ១១ បន្ទប់
៣. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប មានអគារ ៤ ខ្នង ស្មើនឹង ១៥ បន្ទប់
៤. វិទ្យាល័យ ហ៊ុន សែន ចំការដូង ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ មានអគារ ១ ខ្នង ស្មើនឹង ៥ បន្ទប់
៥. សាលាបឋមសិក្សា ហ៊ុន សែន ចំការបី ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ មានអគារ ១ ខ្នង ស្មើនឹង ៥ បន្ទប់
៦. សាលាបឋមសិក្សា ហ៊ុន សែន កោះសោម ស្ថិតនៅភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ មានអគារ ២ ខ្នង ស្មើនឹង ១០ បន្ទប់។
ជាលទ្ធផល សាលាចំនួន ៣ ទីតាំង ត្រូវបានកំណត់ជាសាលាអាទិភាពសម្រាប់ការជួសជុលដំណាក់កាលទី១ រួមមាន៖ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស, សាលាបឋមសិក្សា ហ៊ុន សែន កំពង់ត្រឡាច និងសាលាបឋមសិក្សា ហ៊ុន សែន កោះសោម។ ផ្អែកលើលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងនេះ ក្រុមការងារនឹងបន្តបូកសរុប និងវាយតម្លៃលម្អិតបន្ថែមទៀត ដើម្បីឈានទៅបើកការដ្ឋានជួសជុលកែលម្អនាពេលឆាប់ៗខាងមុខនេះ អនុវត្តការងារ ដើម្បីផ្តល់ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គុណភាព និងផាសុកភាព។




















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន