ព័ត៌មាន
កម្ពុជា-កូរ៉េ រៀបចំពិព័រណ៍សិល្បៈរួមគ្នាជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព នៅខេត្តសៀមរាប
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយសមាគមវប្បធម៌កូរ៉េ (KCA) ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ បានរៀបចំពិព័រណ៍សិល្បៈរួមគ្នា នៅសារមន្ទីរជាតិ ខេត្តសៀមរាប ដែលជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព ដែលពិធីនេះ ក៏មានការចូលរួមបើកជាផ្លូវការពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា ការជួបជុំនាពេលនេះ ជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ។ គម្រោងអង្គរ បានរួមគ្នានៅខេត្ដសៀមរាប ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញនូវការផ្លាស់ប្តូរសិល្បៈ និងការអភិរក្សកេរដំណែលវប្បធម៌។ ស្នាដៃសិល្បៈដោយវិចិត្រករសិល្បៈកូរ៉េល្បីៗ ការថតរូបបែបបំផុសគំនិត និងវត្ថុបុរាណដែលត្រូវបានតាំងបង្ហាញបរិយាយពីបេតិកភណ្ឌ ភាពសុខដុមរមនារបស់មនុស្សជាតិជាមួយនឹងធម្មជាតិ និងភាសាសន្ទនាតាមរយៈវប្បធម៌ តាមរយៈការថតរូបប្រាសាទ ការបង្ហាញម៉ូដសម្លៀកបំពាក់ និងការចូលរួមចំណែកសប្បុរសធម៌ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប។
ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដ មានប្រសាសន៍ថា ខេត្តសៀមរាប បានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋ-កូរ៉េចំនួន៣ខេត្ត-ក្រុង រួមមានទីក្រុងស៊ូរៀន នៃខេត្តឈៀងពី ខេត្តជុងចុងណាំដូ និងខេត្តកាងរៀន តាមរយៈទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពនេះ។កិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់ ដែលទាក់ទងទៅនឹងវិស័យវប្បធម៌ សង្គមកិច្ច កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មជាដើម។ ចំពោះព្រឹត្តិការណ៍អន្តរជាតិដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េ និងកម្ពុជា ប្រជាជន និងប្រជាជន ក៏ដូចជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ខ្មែរ-កូរ៉េ ជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ព្រមទាំងបានចូលរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងខេត្ត ព្រមទាំងបងប្អូនប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត សៀមរាបទាំងមូល ដែលកំពុងប្រាស្រ័យទាក់ទងនឹងសក្តានុពលវិស័យទេសចរណ៍ជាចម្បងនេះ។
លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ បានលើកឡើងថា ការតាំងពិពណ៌សិល្បៈកម្ពុជា-កូរ៉េ នាពេលនេះ ជាការបង្ហាញនូវស្នាដៃរចនាម៉ូដបុរាណកូរ៉េ ហៅថា Maedeup ដែលមានប្រវត្តិសាស្ត្រតាំងពីរាប់ពាន់ឆ្នាំមកហើយ ក្នុងសម័យរាជវង្សចូសុន និងបានប្រើប្រាស់ក្នុងការតុបតែងក្នុងព្រះរាជវាំង និងតាមផ្ទះអ្នកមានឋានៈជាន់ខ្ពស់ ឬក៏សម្រាប់ប្រារព្ធក្នុងពិធីពិសេសៗផ្សេងទៀត។ ពិពណ៌នេះ មិនត្រឹមតែជាសិល្បៈប៉ុណ្ណោះទេ វាជានិមិត្តសញ្ញានៃសេចក្តីមេត្តា ករុណា និងបេតិកភណ្ឌវប្បធម៌ តាមរយៈប្រពៃណីដ៏មានតម្លៃនៃប្រទេសទាំងពីរ សំដៅពង្រឹងទំនាក់ទំនងចំណងមិត្តភាព និងបង្កើតកេរដំណែលដ៏យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយទៀតផង។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ស្នាដៃសិល្បៈនៃវប្បធម៌ខ្មែរ បានចារិកទុកនៅតាមផ្ទាំងសិលានៃជញ្ជាំងប្រាង្គប្រាសាទនានា ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងវប្បធម៌រូបិយ និងអរូបិយរបស់បុព្វបុរសខ្មែរ ហើយមរតកទាំងនេះបានកំពុងទាក់ទាញវិស័យទេសចរណ៍ ដែលជាប្រភពសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួត។ លោកជំទាវបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវិចិត្រករច្នៃម៉ូដបុរាណនៃសិល្បករកម្ពុជានិងកូរ៉េ ដែលបានបង្ហាញនូវស្នាដៃប្រកបដោយភាពច្នៃប្រឌិតរស់រវើក មានសោភ័ណ្ឌភាពស្រស់ស្អាត និងស្របតាមវប្បធម៌។ ស្នាដៃសិល្បៈ និងផ្លាស់ប្តូរវប្បធម៌ គឺជាការបង្ហាញពីភាពដ៏បរិសុទ្ធបំផុត នៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ផ្សាភ្ជាប់ដួងចិត្តកាន់តែជិតស្និតថែមទៀត។
ព្រឹត្តិការណ៍នេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយ តំបន់បេតិកភណ្ឌ ពិភពលោករបស់កម្ពុជា និងការបង្ហាញវប្បធម៌កូរ៉េនៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញសម្រស់ ដ៏វិចិត្រនៃប្រាង្គប្រាសាទបុរាណ និងស្នាដៃដ៏វិសេសរបស់បុព្វបុរសខ្មែរ។ ដោយឡែកការបរិច្ចាគថវិកា និងសម្ភារៈផ្សេងៗ នឹងត្រូវប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប៕

-
ព័ត៌មាន5 days ago
សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
-
ព័ត៌មាន1 week ago
អតីតយុទ្ធជន៤០គ្រួសារនឹងទទួលបានផ្ទះ និងដី ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week ago
ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
-
ព័ត៌មាន16 hours ago
សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ
-
ព័ត៌មាន1 week ago
អាវុធហត្ថរាជធានីឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ
-
ព័ត៌មាន6 days ago
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតីជូនគ្រួសារយុទ្ធជនដែលមានជីវភាពលំបាកនៅស្រុកសន្ទុក ខេត្តកំពង់ធំ
-
ព័ត៌មាន15 hours ago
EU ប្រកាសត្រៀមខ្លួនសហការជាមួយអាស៊ានចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្ដល់ជំនួយ៧០ម៉ឺនអឺរ៉ូជួយជនភៀសឹកកម្ពុជា
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖កម្ពុជាមិនបានប្រើប្រាស់ នឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយហើយនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់