ព័ត៌មាន
ពលរដ្ឋក្រីក្រពិការភាព នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលបានផ្ទះសប្បុរសធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
បន្ទាយមានជ័យ៖ ផ្ទះសប្បុរសធម៌របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យលើកទី១៨ ត្រូវបានប្រគល់ជូនអ្នកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ គ្រួសារពិការក្រីក្រ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមមធិបតីភាពឯកឧត្តម អុំ រាត្រី ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ។
លោក ធូ សុីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឱ្យដឹងថា ក្រុមប្រតិបត្តិសាខាបានសហការជាមួយអនុសាខាក្រុង អាជ្ញាធរមូលដ្ឋាន បានចុះប៉ាន់ប្រមាណ តម្រូវការ របស់គ្រួសារអ្នកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ ជាលទ្ធផលគ្រួសារនេះរស់នៅក្នុងសភាពក្រីក្រនិងពិការ មានមុខរបរដើររើសអេតចាយ ហើយរស់នៅម្នាក់ឯងប៉ុណ្ណោះ ដោយពិនិត្យឃើញពីការលំបាកក្រីក្រ និងពិការផងនោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្រេចផ្ដើមធ្វើការសាងសង់ផ្ទះថ្មីមួយខ្នង ទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៦ម៉ែត្រ កម្ពស់ ៣ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៊ីម៉ង់ត៍ និងបង្គន់អនាម័យ១ ក្នុងនោះបានចំណាយសរុបអស់ថវិកាចំនួន ២,១៧៤ ដុល្លារសហរដ្ឋអាមេរិក។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ហើយការអនុវត្តគម្រោងសង់ផ្ទះ ជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅ នេះពិតជាបានលើកកម្ពស់និងគុណតម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំប្រកបដោយគុណធម៌មនុស្សធម៌។
ឯកឧត្តម បានបន្តថា ការផ្ដល់ផ្ទះមនុស្សធម៌ ឬក៏ផ្ដល់អំណោយមនុស្សធម៌ផ្សេងៗ ដល់បងប្អូនងាយរងគ្រោះ ក្រីក្រចាស់ជរាគ្មានទីពឹងនោះ ថវិកា សម្ភារៈ បានមកពីការបរិច្ចាគពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ព្រះសង្ឃ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ សប្បុរសជននានា ជារៀងរាល់ឆ្នាំតែងតែផ្ដល់ជូនតាមរយៈសាខាកាកបាទក្រហមខេត្ត ហើយសាខាកាកបាទក្រហមខេត្ត និងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋឲ្យចំគោលដៅ មិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីនោះឡើយ។
ក្រោយពីប្រគល់ផ្ទះក្រុមការងារក៏បានផ្ដល់នូវ សម្ភារៈអំណោយបន្ថែមជូនដល់អ្នកស្រី ឯក សារ៉ូ រួមមានអង្ក ៥០គីឡូក្រាម ត្រីខ ១យួរ មុីជាតិ ១កេស ទឹកត្រី មុង ភួយ សារុង ក្រមា ទឹកសុទ្ធ ធុងទឹក ៦០លីត្រមួយ ឆ្នាំង ចាន ស្លាបព្រា កន្ទេលជ័រ និងថវិកាមួយចំនួន ។ ដោយឡែកប្រជាពលរដ្ឋ ខ្វះខាតចំនួន ១០ គ្រួសារទៀតទទួលបានពីព្រះមន្ត្រីសង្ឃក្នុងក្រុងប៉ោយប៉ែត ម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម ឃិត ១កញ្ចប់ ទឹកសុទ្ធ ២យួរ ថវិកា ៣ម៉ឺនរៀល និងអ្នកស្រី ឯក សារ៉ូ ទទួលបានថវិកាបន្ថែមពីព្រះមន្ត្រីសង្ឃចំនួន ៦០ម៉ឺនរៀលផងដែរ៕







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ