ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ៖ សញ្ញាបត្រដែលសិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំទទួលបានពេលនេះ ជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស ជូនដល់សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំចំនួន ៣៥០អង្គ/នាក់។
ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក៏មានវត្តមានចូលរួមពី ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន, តំណាងសមាគម, តំណាងក្រុមហ៊ុន, តំណាងមន្ទីរនានា, គ្រឹះស្ថានអប់រំ, នាយកវិទ្យាស្ថាន គណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ និងសិស្សវិទ្យាល័យកំពង់ធំ សរុបជាង ១៧០០នាក់។
ឯកឧត្តម ហេង សួរ បានអបអរសាទរចំពោះសមិទ្ធផលប្រកបដោយផ្លែផ្កាដែលសិស្ស និស្សិតជ័យលាភីទាំងអស់ទទួលសញ្ញាបត្រនាពេលនេះ ដើម្បីជាគ្រឹះសម្រាប់សិស្ស និស្សិតផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ។ សមិទ្ធផលនេះគឺជាសក្ខីភាពថ្មីមួយទៀតក្នុងការបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការពង្រឹង និងពង្រីកវិស័យអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ចំណុចស្នូលនៃការសិក្សារបស់ TVET គឺរៀនទ្រឹស្តីតិច ការអនុវត្តច្រើន និងចុះហាត់ការជាក់ស្តែង ក្នុងរយៈពេលខ្លី ដើម្បីអាចចេញប្រកបការងារបានឆាប់។ ទន្ទឹមនេះ កម្មវិធី TVET គឺជាកិច្ចការអាទិភាពមួយ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងជំរុញយ៉ាងសកម្មជាមួយនឹងមន្ត្រីថ្នាក់ជាតិ ខេត្ត ក៏ដូចជារាល់បណ្ដាគ្រឹះស្ថាន TVET នានាទូទាំងប្រទេស ដើម្បីយុវជនជំនាន់ក្រោយ ដើម្បីគ្រួសារ ដើម្បីសហគមន៍ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ និងនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់យុវជន ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអាចចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលផ្ដល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ស្របទៅនឹងទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើ និងប្រាក់ចំណូលសមរម្យ។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈអគារសិក្សាថ្មីនៃវិទ្យាស្ថានពហុបច្ចេកទេសវិទ្យាខេត្តកំពង់ធំ ដែលមានកម្ពស់៥ជាន់ បំពាក់ដោយសម្ភារៈ បរិក្ខាសិក្សាទំនើបៗ នឹងកាន់តែជំរុញគុណភាពសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់សិស្ស និស្សិតក្នុងខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រកាសផ្តល់ជូនកុំព្យូទ័រចំនួន ៤០គ្រឿង ដែលជាអំណោយរបស់សម្តេចមហាបរវរធិបតី ជូនដល់វិទ្យាល័យកំពង់ធំ សម្រាប់ឱ្យគ្រូ និងសិស្សក្នុងវិទ្យាល័យនេះធ្វើការសិក្សាស្រាវជ្រាវមុខវិជ្ជាផ្សេងៗ ជាពិសេសការសិក្សាស្វែងយល់កាន់តែច្បាស់ពីវិស័យ TVET៕













-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល