ព័ត៌មាន
មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) វាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ
នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តម រ៉ូណាល់ ខ្លាក បានសម្ដែងក្ដីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងរូបឯកឧត្តម និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក។ ឯកឧត្តមបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនិងកងទ័ព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការរីកចម្រើននៅក្នុងទំនាក់ទំនងនេះ ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ បន្ថែមលើនោះ ឯកឧត្តម រ៉ូណាល់ ខ្លាក បានសម្ដែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្ដិភាព តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនៃជំនួបរវាងបញ្ជាការដ្ឋានកងទ័ពជេីងគោគ កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈប្រតិភូកងទ័ពជើងគោក សហរដ្ឋអាមេរិក។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ រវាងកងទ័ពនិងកងទ័ព ក៏ដូចជាការបន្ដកិច្ចសហប្រតិបត្តិការឡេីងវិញលើសកម្មភាពមួយចំនួនដូចជា ការបណ្ដុះបណ្ដាល ជាដេីម នាពេលកន្លងមក បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានផ្ដល់ការគាំទ្រកម្ពុជាក្នុងសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានគូសបញ្ជាក់ថា “ពីមុន កម្ពុជាធ្លាប់ជាប្រទេសទទួលយកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តែមកដល់បច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសលើពិភពលោក”។ ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យកងទ័ពជើងគោកសហអាមេរិក និង បញ្ជាការដ្ឋានកងទ័ពជេីងគោក កងយោធពលខេមរភូមិន្ទ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ៕







-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន2 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន7 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន7 days agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»