ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារ៖ការបង្កើតកម្លាំងពលកម្មជំនាញដែលមានសមត្ថភាព និងផលិតភាពខ្ពស់ គឺជាអាទិភាពសម្រាប់ឆ្លើយតបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីគន្លឹះសំខាន់ៗនៃកំណែទម្រង់ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។ ពោលគឺដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ដែលជាអាទិភាពរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញផលិតភាពនៃកម្លាំងពលកម្មដែលជាធនធានមានសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីអាទិភាពដែលក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ជាពិសេសការពង្រឹងលើវិស័យ TVET និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹង វិស័យបច្ចេកទេស ឧស្សាហកម្ម ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការគូសបញ្ជាក់នូវគន្លឹះសំខាន់ៗនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី “បញ្ហាប្រឈមនៃរចនាសម្ព័ន្ធ និងរបៀបវារៈកំណែទម្រង់បន្ទាន់សម្រាប់កំណើនរយៈពេលវែងដោយគុណភាព” នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានវត្តមានរបស់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា ជាប្រធានវគ្គពិភាក្សា រួមជាមួយវាគ្មិនផ្សេងទៀត គឺឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ, លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី, សាស្ត្រាចារ្យ Yasuyuki Sawada សាស្ត្រាចារ្យនៃសាកលវិទ្យាល័យតូក្យូ និងជាអតីតប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី, លោកបណ្ឌិត សុង សុភក្តិ នាយកប្រតិបត្តិរង និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន CDRI។
កិច្ចពិភាក្សានេះ គឺជាផ្នែកសំខាន់មួយនៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តភាព» ដែលរៀបចំឡើងដោយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សហការជាមួយស្ថានទូតអូស្ត្រាលីនៅកម្ពុជា និងកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំង និងភាពខ្សោយនៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាព សំខាន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ដោយមានការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាពដែលមានភាពមិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា៕









-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព