Connect with us

ព័ត៌មាន

ចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦

សម្រាប់ឆ្នាំ២០២៧ ចំណូលថវិកាថ្នាក់ជាតិត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល ត្រូវជា ១៣,៤៩% នៃផ.ស.ស. ឬកើនឡើងចំនួន ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ នេះ យោងតាម លទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៧ ចំណូលថវិកាថ្នាក់ជាតិត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល ត្រូវជា ១៣,៤៩% នៃផ.ស.ស. ឬកើនឡើងចំនួន ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ចំណូលថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ២ ៨១៩ប៊ីលានរៀល មានសមាមាត្រស្មើនឹង ៨% នៃចំណូលសរុបរបស់ថវិការដ្ឋត្រូវជា ១,១៨% នៃផ.ស.ស.។ តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ប្រមាណ ៤,០% ក្នុងឆ្នាំ២០២៦ និង ៤,៨% ក្នុងឆ្នាំ២០២៧ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ២៧៧ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ៣ ០៩៨ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦។

កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៧ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យ ឧស្សាហកម្ម (អនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ ផលិតកម្មម្ហូបអាហារនិងភេសជ្ជៈ និងថ្នាំជក់) ២. វិស័យសេវាកម្ម (អនុវិស័យបដិសណ្ឋារកិច្ចនិងសេវាកម្មម្ហូបអាហារ លក់ដុំ-រាយ ដឹកជញ្ជូននិងស្តុក និងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍) និង ៣. វិស័យកសិកម្ម (អនុវិស័យដំណាំ ចិញ្ចឹមសត្វ និងនេសាទ)។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ (ច្បាប់ថវិកាជាតិ) មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាព នៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពប្រជាជន ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះជាបន្តបន្ទាប់ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៧ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥។ ថវិកាឆ្នាំ២០២៧ ត្រូវបានប្រសិទ្ធនាមថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងគាំពារកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ»៕

អត្ថបទ៖ KC Virak

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia