Connect with us

ព័ត៌មាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែក​អំណោយ​ជូន​ពលរដ្ឋ​ងាយរង​គ្រោះ​២០២៥​គ្រួសារ​ទៀត នៅស្រុកអន្លង់វែង

នៅព្រឹកថ្ងៃ ទី៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាក​បាទ​ក្រហម​កម្ពុជា និងប្រតិភូ ឥស្សរជនជាន់ខ្ពស់ បានបន្តអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និង​ចែកអំណោយ មនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២០២៥​គ្រួសារ​ទៀត​ម​​ក​ពី​ស្រុកអន្លង់វែង និងត្រពាំងប្រាសាទ ស្ថិតនៅក្នុងទីលានហាលដំឡូង ក្រុមហ៊ុន លឹម ហេង គ្រុប នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ឯកឧត្ត មាន ចាន់យ៉ា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ទីណាមានទុក្ខលំបាក ទី​នោះ​តែ​ង​តែមាន កាកបាទក្រហមកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបា​ទ​ក្រហមកម្ពុជា ក្នុងការចុះជួបប្រាស្រ័យសួរសុខទុក្ខ និង ជួយសម្រាល ការលំបាក​ដល់ប​ង​ប្អូន​ប្រជាពលរដ្ឋខ្វះខាត គ្រួសារអតីតយុទ្ធជន ចាស់ជរាពិការ និងជនងាយរងគ្រោះកម្ពុជា ជា​និច្ច​។ ជាក់ស្តែង នៅក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និង ចែកអំណោយ​ជូន​គ្រួសារ​ក្រីក្រ​ចំនួន​ ២.០២៥ គ្រួសារ របស់ស្រុកអន្លង់វែង និងស្រុកត្រពាំប្រាសាទ នាពេលនេះ ត្រូវ​បាន​ជ្រើស​រើស គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួន ៤ប្រភេទ ដូចជា ទីមួយ-គ្រួសារ ប្រជាពលរដ្ឋ​ដែល​មាន​ជីវ​ភាពក្រីក្រកម្រិត១ ចំនួន ១.៤៦៦គ្រួសារ ទីពីរ-ជនពិការដែលមានជីវភាពទីទាល់ក្រ ចំនួន​ ១៨៣គ្រួសារ ទីបី-គ្រួសារ អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ចំនួន ១៧៨គ្រួសារ និង​ទីបួន-ចាស់ជរាគ្មានទីពឹង ចំនួន ១៩៨គ្រួសារ។

នាឱកាសនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន​ប្រសាសន៍ថានេះជាលើកទី២ហើយ សម្តេច​បានមករួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅទីនេះ។ សម្តេចសំដែង​នូវ​កី្តសោមនស្ស​រីករាយ ដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋ នៅទីនេះម្តងទៀត និងបាន​ពាំនាំ​នូវ​ព្រះរាជ​បន្ទូល​សួរ​សុខទុក្ខ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជូន​ចំពោះ ប្រជាពលរដ្ឋទាំងអស់នៅទីនេះ។ សម្តេចបន្តទៀតថា ថ្ងៃនេះសម្តេចបាននាំយកអំណោយ ដែល​ទទួលបានពីសប្បុរសជននានា មកចែកជូនបងប្អូន ទោះជាអំណោយទាំងនេះ តិចក្តីច្រើនក្តី នេះ​គឺ​ជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាលំបាក។

ប្រជា​ពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះ សូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានអញ្ជើញមកសួរសុខទុក្ខ និង​បាន​នាំ​យក​អំណោយ​មនុស្សធម៌ ចែកជូនដល់ពួកគាត់ដើម្បីដោះស្រាយជីវភាព។ លោកយាយ លោកតា អ៊ំ ពូ មីង ដែលទទួលបានអំណោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំងទ្វេរ ព្រម​ទាំង​សម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលតែងតែជួយឧបត្ថមគាំទ្រដល់ ពួកគា​ត់​ដែល​ងាយ​រងគ្រោះបំផុតនៅខេត្តឧត្តរមានជ័យនេះ។

សម្ដេចសូមថ្លែងអំណរគុណចំពោះបណ្ដាសប្បុរសជនទាំងឡាយ ដែលបានចូលរួមសប្បុរសធម៌ ជាមួយនឹ​ងរាជរដ្ឋាភិបាល ក៏ដូចជា កាកបាទក្រហមកម្ពុជា ដែលជាជំនួយ​ការ​អោយ​អាជ្ញាធរ​សាធារណៈ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត។ ជាមួយគ្នានេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការយកចិត្តទុកដាក់ ថែ​រក្សា​សុខភាពឱ្យបានល្អ និងត្រូវហូបស្អាត ផឹកស្អាត ការរស់នៅមានអនាម័យ ពិសេស​ការ​ពារ​នូវ​ជំងឺ​មិន​ឆ្លងនានា កុំហូបប្រៃពេក ផ្អែមពេក កុំហូបគ្រឿងស្រវឹងពេលបើកបរ, ការពារ ការឆ្លង​ជំងឺ​អេដស៍ ចូលរួមទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងត្រូវជ្រើសរើសយុវជន កាក​បាទ​​ក្រហមកម្ពុជា ជាគម្រូវល្អនៅក្នុងថ្នាក់រៀន ដើម្បីណែនាំអូសទាញ ដល់​យុវជន​ដែ​ល​ដើរ​ផ្លូវ​ខុស ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ត្រូវតាមដានកាសិក្សារបស់កូនៗជាប់ជាប់ជាប្រចាំ ចៀ​សវាដើរផ្លូវខុស។ លើសពីនោះទៀតសម្តេចបានផ្តាំផ្ញើទៅស្រ្តី ដែលកំពុងមានផ្ទៃពោះ សូមទៅ​ពិនិត្យ​ផ្ទៃ​ពោះ នៅតាមមណ្ឌលសុខភាពឱ្យបានទៀងទាត់ តាមកាលកំណត់ ដើម្បីសុខភាព​ម្តាយ​និង​កូន​។

សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋរងគ្រោះចំនួន ២០២៥គ្រួសារ ទទួលបាននាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១ដប, ប្រេងឆា១ដប, សាប៊ូកក់សក់១ដប,ស្ករស១គីឡូក្រាម, ឃីត១កញ្ចាប់, នំប៉័ង១ដើម, ទឹកសុទ្ធ១ដប និងថវិកា២ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia