Connect with us

ព័ត៌មាន

ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក

នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងពិនិត្យស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក ក្នុងគោលបំណងសម្រួលដល់ការរស់នៅ ជីវភាព និងការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងតំបន់ទន្លេសាប។

បើតាម លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានឱ្យដឹងថា ការចុះពិនិត្យទីតាំងប្រាសាទមេបុណ្យខាងលិច របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នាពេលនេះ គឺដើម្បីត្រៀមក្នុងការរៀបចំពិធីសម្ពោធ ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ក្រោមព្រះវត្តមាន យាង និងអញ្ជើញពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង បន្ទាប់ពីបានបញ្ចប់ការជួសជុលកាលពីខែតុលា ជាមួយពេលវេលារហូតដល់ ១៤ឆ្នាំ។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការរៀបចំ ការងារសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសការរៀបចំសម្រាប់ការធ្វើដំណើរតាមផ្លូវទឹកទៅកាន់ទីតាំងប្រាសាទមេបុណ្យខាងលិច។

លោកអភិបាលរងក្រុង បានឱ្យដឹងទៀតថា នៅថ្ងៃដដែលនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និង ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទូទៅនៅក្នុងតំបន់បឹងទន្លេសាប ចាប់ផ្ដើមពីតំបន់ចុងឃ្នាស់ រហូតទៅដល់តំបន់សហគមន៍កំពង់ភ្លុក ដើម្បីជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាសហគមន៍ នេសាទ និងអាជីវករដឹកជញ្ជូនទេសចរណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ ទាំងការប្រកបរបរនេសាទ និងការបើកបរទូកដឹកជញ្ជូនភ្ញៀវទេសចរ។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអាជ្ញាធរខេត្ត និងរូបឯកឧត្តមផ្ទាល់ ជានិច្ចកាលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ និងរង់ចាំជួយដោះស្រាយរាល់កង្វល់ និងបញ្ហាប្រឈមនានាដោយមិនបោះបង់ចោលឡើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីប្រែប្រួលមុខមាត់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យកាន់តែល្អប្រសើរ សូមឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នារក្សាអនាម័យ បរិស្ថាន និងកាត់បន្ថយសំរាមក្នុងប្រភពទឹក ព្រោះបញ្ហាបំពុលទឹកមិនត្រឹមតែប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សុខភាព និងផលត្រីដែលត្រូវបរិភោគជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋចេះច្នៃប្រឌិតមុខរបរចម្រុះ ដូចជាការដាំដុះដំណាំ បន្លែ ផ្កា ឬរៀបចំការពិព័រណ៍ផលិតផលក្នុងស្រុក នាដងរដូវទឹកស្រក ដើម្បីបង្កើនប្រភពចំណូលបន្ថែមក្រៅពីការនេសាទ និងការដឹកភ្ញៀវទេសចរ។

ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ឯកឧត្តមនឹងចាត់ឱ្យក្រុមការងារបច្ចេកទេស និងក្រសួងពាក់ព័ន្ធ ចុះសិក្សាស្រាវជ្រាវក្នុងការស្តារប្រឡាយ ព្រែក និងពង្រីកទីតាំងចរាចរផ្លូវទឹក ដើម្បីសម្រួលដល់ការធ្វើដំណើរ ការបើកបរទូកនេសាទ និងការរៀបចំពិធីប្រណាំងទូកប្រពៃណីក្នុងសហគមន៍។ ក្នុងនោះក៏សូមជំរុញឱ្យមានកិច្ចសហការល្អរវាងសហគមន៍ និងវិស័យឯកជនក្នុងការរៀបចំបែបផែនទាក់ទាញភ្ញៀវទេសចរ ដោយធានាថាសហគមន៍មូលដ្ឋាននៅតែជាអ្នកទទួលបានផលប្រយោជន៍ផ្ទាល់ពីសេវាកម្មទាំងនោះ។

ឯកឧត្តមក៏បានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព និងការរស់នៅដោយសន្តិវិធី និងស្ថេរភាពក្នុងសហគមន៍ទាំង៣ ដោយចៀសវាងទំនាស់ផ្សេងៗដែលអាចរាំងស្ទះដល់ការអភិវឌ្ឍ។ ប្រសិនបើមានបញ្ហាប្រឈមដែលអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបាន ឯកឧត្តមនឹងជួយសម្របសម្រួលជជែកពិភាក្សាជាមួយក្រសួងស្ថាប័នថ្នាក់ជាតិ ដូចជា ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងបរិស្ថាន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia