ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ «មានមនុស្សមួយចំនួនតូចជាពិសេសក្រុមប្រកាន់មនោគមវិជ្ជាជ្រុលនិយមហួសហេតុហាក់ដូចជាកំពុងវង្វេងនៅលើវិថីប្រជាធិបតេយ្យ»
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដោយយកការបោះឆ្នោតជាយន្តការសម្រេចក្នុងការជ្រើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តង ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយកំណត់យកមតិភាគច្រើនជាអ្នកឈ្នះ និងដឹកនាំប្រទេស។ ដំណើរការប្រជាធិបតេយ្យបាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។
ឯកឧត្តមបានថ្លែងថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច គឺនៅលើមតិភាគច្រើន មានន័យថា គ្មានក្រុមណាមួយត្រូវបានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិចក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរនានាបានដែរ។ ប្រសិនបើមតិយោបល់ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្រើនអាចយកទៅពិចារណាដើម្បីជាធាតុចូលឬដោះស្រាយតាមការជាក់ស្តែង។ ប៉ុន្តែ ប្រសិនបើមតិយោបល់នោះមិនសមហេតុផលឬគ្រាន់តែដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួនដូចដែលក្រុមមនុស្សមួយចំនួនបានធ្វើ គ្មានការចាំបាច់ដែលត្រូវលើកយកមកពិចារណាឡើយ។
បើតាម ឯកឧត្តម ប៉ែន បូណា នៅកម្ពុជា មានមនុស្សមួយចំនួនតូច ជាពិសេសក្រុមដែលប្រកាន់មនោគមន៍វិជ្ជាជ្រុលនិយមហួសហេតុ ហាក់ដូចជាកំពុងវង្វេងនៅលើវិថីប្រជាធិបតេយ្យនេះ ដោយពួកគេហៅខ្លួនឯងថា «អ្នកប្រជាធិបតេយ្យ» ប៉ុន្តែ អ្វីដែលពួកគេធ្វើផ្ទុយស្រឡះពីគន្លងប្រជាធិបតេយ្យ។ ជាក់ស្តែង ពួកគេចាញ់ឆ្នោតតែបែរជាដេញអ្នកឈ្នះឆ្នោតឱ្យចុះចេញពីតំណែង។ ពួកគេកៀរគរមនុស្សមួយចំនួនតូចដែលពេលខ្លះមិនដល់១%ផង ឱ្យធ្វើបាតុកម្មហើយដាក់សម្ពាធលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ អាក្រក់ជាងនេះ ពួកគេប៉ុនប៉ងប្រើកម្លាំងក្រៅច្បាប់ដែលហៅថា ចលនា «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ឯកឧត្តមបន្តថក្រៅពីនោះ នៅមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលបង្កើតឡើងដោយមនុស្សមួយក្រុមតូច បែរជាតាំងខ្លួនជាតំណាងប្រជាពលរដ្ឋហើយដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ ក៏ដូចជាក្រុមអ្នកនយោបាយជ្រុលនិយមដែរ ក្រុមអង្គការសង្គមស៊ីវិលលម្អៀងទាំងនោះតែងយករឿងអវិជ្ជមានតិចតួចដែលកើតឡើងក្នុងសង្គមទៅធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃសភាពការណ៍ទូទាំងប្រទេសដោយមិនខ្វល់ទាល់តែសោះពីចំណុចវិជ្ជមានដ៏ច្រើនលើសលប់ដែលរាជរដ្ឋាភិបាលសម្រេចបាន។
ឯកឧត្តម ប៉ែន បូណា រម្លឹកថា ដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ជម្រើសមានតែមួយគត់ គឺការប្រើប្រាស់យន្តការបោះឆ្នោតដោយគោរពតាមការសម្រេចចិត្តរបស់ប្រជាពលរដ្ឋភាគច្រើន និងគោរពច្បាប់កម្ពុជា។ រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែលទទួលសំឡេងគាំទ្រភាគច្រើនលើសលប់ពីប្រជាពលរដ្ឋមានការទទួលខុសត្រូវខ្ពស់និងមានគោលនយោបាយដែលត្រូវអនុវត្តតាមការសន្យាជាមួយម្ចាស់ឆ្នោត ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ មកបង្កភាពវឹកវរក្នុងសង្គមតាមទំនើងចិត្តបានឡើយ។
ឯកឧត្តមបញ្ជាក់ថា៖«ដូច្នេះ សូមអ្នកវង្វេងប្រជាធិបតេយ្យទាំងឡាយយល់ឱ្យច្បាស់និងគួរតែប្រញាប់កែខ្លួនជាបន្ទាន់ ពោលគឺ កែរបៀបធ្វើការឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ បើមិនដូច្នោះទេ ត្រូវកែឈ្មោះដោយមិនត្រូវតាំងខ្លួនជា «អ្នកប្រជាធិបតេយ្យ» ទៀតទេ ពីព្រោះអំពើរបស់អ្នកមិនឆ្លុះបញ្ចាំងពីគោលការណ៍ប្រជាធិបតេយ្យឡើយ តែវាគឺជាការបំផ្លាញប្រជាធិបតេយ្យទៅវិញទេ»៕






-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
PR NEWS4 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា3 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន1 week agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
-
ព័ត៌មាន1 day agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត