ព័ត៌មាន
អ្នកវិភាគ និងឃ្លាំមើល៖ ភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនជាការបណ្ដោយឱ្យថៃរំលោភបំពានតាមអំពើចិត្តនោះទេ
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ភាពស្ងៀមស្ងាត់របស់ប្រមុខរាជរដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន មិនមែនជាការបណ្ដែតបណ្ដោយឱ្យភាគីថៃរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជានោះទេ ប៉ុន្ដែជាការបង្ហាញពីយន្តការដោះស្រាយដោយសន្ដិវិធី និងចៀសវាងទំនាស់ប្រដាប់អាវុធ។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «ខ្ញុំបានមើលឃើញពីជំហររបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ សម្ដេចបានបញ្ជាក់ម្ដងហើយម្ដងទៀតពីជំហររក្សាភាពស្ងៀមស្ងាត់ក្នុងការស្វែងរកដំណោះស្រាយដោយសន្ដិវិធី»។
លោកបន្តថា «ភាពស្ងៀមស្ងាត់នេះមិនមែនមានន័យថា រាជរដ្ឋាភិបាលបណ្ដែតបណ្ដោយឱ្យថៃរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតាមអំពើចិត្តនោះទេ គឺបង្ហាញពីភាពចាស់ទុំនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានយន្តការច្បាស់លាស់នៅក្នុងការដោះស្រាយ និងកំណត់ព្រំដែនគោក និងព្រំដែនទឹកជាមួយប្រទេសជិតខាង»។
លោកបានកត់សម្គាល់ឃើញថា ប្រមុខរាជរដ្ឋាភិបាលមានជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតដែលជាការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោលគឺមិនឱ្យបាត់បង់ទឹកដីរបស់ខ្លួនទៅប្រទេសណាក៏ដោយ សូម្បីតែមួយមីលីម៉ែត្រ។
អ្នកវិភាគរូបនេះបានគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមរយៈការចរចាគ្នាដោយសន្ដិវិធី និងអនុលោមទៅតាមច្បាប់។ ការណ៍នេះគឺអាចបញ្ជៀសការប្រឈមមុខដាក់គ្នាដោយប្រើប្រាស់អាវុធ និងហឹង្សានិយម ខណៈក្រុមជ្រុលនិយមនៃប្រទេសទាំងពីរនៅតែបន្តរុញករណីនេះកើនកម្ដៅរាល់ថ្ងៃ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាអាវុធដ៏មុតស្រួចរបស់ក្រុមជ្រុលនិយមទាំងកម្ពុជា និងថៃ ហើយបើយើងចេះតែធ្វើទៅតាមការទាមទារទាំងកំហឹងរបស់ពួកគេគ្រប់តែរឿងនោះ គឺជារឿងដ៏គ្រោះថ្នាក់ ហើយសង្រ្គាមច្បាស់ជាផ្ទុះឡើងជាក់ជាមិនខាន»។
ក្នុងន័យនេះលោកថា «ខ្ញុំនៅតែគាំទ្រជំហរប្រមុខរាជរដ្ឋាភិបាលដែលមានការអត់ធ្មត់ខ្ពស់ចំពោះបញ្ហានេះ ព្រោះយើងនៅតែទទួលបានផលប្រយោជន៍ច្រើន គឺព្រំដែនរក្សាស្ថានភាពដើមដដែល គ្មានការច្បាំងគ្នា ហើយទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងការទូតនៅតែល្អប្រសើរ ពលរដ្ឋអាចចេញ-ចូលប្រកបរបរចិញ្ចឹមជីវិតជាធម្មតា ប៉ុន្ដែការចរចារឿងព្រំដែន គឺនៅតែដំណើរការដដែល»។
លោក សំ សឿន បានកត់សម្គាល់ឃើញថា មូលហេតុដែលជ្រុលនិយមនៅក្រៅប្រទេសនៅតែចិញ្ចឹមចិត្តលើកបញ្ហាព្រំដែនយកមកនិយាយដដែលៗនេះ គឺជាចេតនាអាក្រក់មួយចង់ឱ្យប្រទេសជាតិមានចលាចល មានទំនាស់ផ្ទៃក្នុង និងមានសង្គ្រាមជាមួយប្រទេសខាង ដើម្បីពួកគេមានឱកាសវិលចូលស្រុកធ្វើនយោបាយវិញដោយគ្មានឧបសគ្គ។
លោកបានចំអកជុំវិញក្ដីស្រមៃរបស់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះថា ពួកគេនឹងមិនអាចសម្រេចក្ដីប្រាថ្នានោះទេ ដោយសាររាជរដ្ឋាភិបាលមិនបណ្ដែតបណ្ដោយឱ្យកលល្បិចរបស់ពួកគេទទួលបានជោគជ័យតាមរយៈការញុះញង់ និងអុចអាលពលរដ្ឋខ្មែរឱ្យមានការរើសអើងថ្នាក់ដឹកនាំសព្វថ្ងៃនេះទេ។
បន្ថែមលើនេះ លោក សំ សឿន មើលឃើញពីបរាជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ លែងមានការគាំទ្រពីប្រជាពលរដ្ឋដែរ ដោយសារនយោបាយទុច្ចរិតមួយដែលមិនបានជួយប្រជាពលរដ្ឋ ទើបធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តកាន់តែខ្លាំង បាត់បង់ការគាំទ្រ និងធ្វើនយោបាយបោកប្រាស់ធ្វើប្រជាភិថុតិលើពលរដ្ឋ។ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅតែពីនិយាយបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តការពិតឡើយ។
គួររំឭកថា គោលដៅនៃការធ្វើវិទ្ធង្សនារបស់ក្រុមជ្រុលនិយម គឺការញុះញង់ប្រជាពលរដ្ឋ ឬកងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជារាជរដ្ឋាភិបាល ព្យាយាមបង្កើតចលាចលក្នុងចំណោមប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យសកម្មជនរបស់ខ្លួនក្នុងស្រុកតវ៉ាទាមទារផ្សេងៗ ដោយចេតនាបង្កភាពវឹកវរសង្គម ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាចដោយខុសច្បាប់៕


-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន2 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ