Connect with us

ព័ត៌មាន

នាវាកងទ័ពជប៉ុនមានអាទិភាពមុនគេបង្អស់ក្នុងការចូលចតនៅកំពង់ផែរាមបន្ទាប់ពីសាងសង់រួច

កម្ពុជានឹងអនុញ្ញាតឱ្យនាវាកងទ័ពជប៉ុនចូលចតមុនគេបង្អស់នៅ«កំពង់ផែរាម» ខេត្តព្រះសីហនុ ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពីកំពង់ផែនេះបានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នៅ​ដើម​ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។

នេះជា​ការ​លើកឡើងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ នៅចំពោះមុខ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យ​សេនា​នុព័ន្ធ​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅអគ្គ​បញ្ជាការ​ដ្ឋាន​។ ឯកឧត្តម បានលើកឡើងថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ និង​ជា​ប្រវត្តិសាស្ត្រ​នេះ អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន មានគោល​ចំហរ​ខ្ពស់​នៅ​​ក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់ជ្រុងជ្រោយ។

ឯកឧត្តមអគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីជំហររបស់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយ​ពីសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នឹងបើកចំហ​ឱ្យ​នាវា​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​មក​ទស្សន​កិច្ច ឬមកចូលរួមធ្វើសមយុទ្ធនៅកម្ពុជាចូលចតនៅកំពង់ផែរាម បន្ទាប់ពីការ​ចូលចត​របស់​នាវា​ជប៉ុន​។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី បានគូស​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិ​ការ​ល្អរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ(កម្ពុជា-ជប៉ុន) និងការថ្លែងអរគុណ​របស់​រាជ​រដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយល់ព្រម​ឲ្យ​នាវា​ជប៉ុន​ចូល​ចត​នៅ​កំពង់​ផែរាម​មុនគេ នេះបង្ហាញពីតម្លាភាពក្នុងការពង្រឹងសន្តិសុខអន្តរជាតិរបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia