ព័ត៌មាន
រដ្ឋបាលរាជធានីរៀបចំរថយន្តក្រុង ៥៩៧គ្រឿងសម្រាប់ដឹកពលរដ្ឋដោយមិនបង់ប្រាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត និងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្ដាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥។
ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែមីនា ២០២៥។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដដែលបានកំណត់ការផ្តល់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គឺប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។ សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ គឺប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ ដែលមានគោលដៅទីតាំង និងពេលវេលាចេញដំណើរលម្អិតដូចបណ្ដាឆ្នាំកន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញក៏អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់ អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមផ្តល់កិច្ចសហការរក្សាតម្លៃសេវាដឹកជញ្ជូនឱ្យនៅដដែល ដោយពុំដំឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ការចំណាយ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា





-
ព័ត៌មាន4 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន7 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន4 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា1 week agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន7 days agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន6 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ