ព័ត៌មាន
នាយឧត្តមសេនីយ៍ ស ថេត បន្ដជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានបន្ដអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ និងក្រុមគ្រួសារ ពិសេសកងកម្លាំងនគរបាលការពារព្រំដែន កំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងសូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
លោកបានគូសបញ្ជាក់ថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ និងមានសាមគ្គីភាពផ្ទៃក្នុង បង្កើនការយកចិត្តទុកដាក់លើកទឹកចិត្តផ្តល់រង្វាន់ចំពោះមន្រ្តីមានស្នាដៃ ចំពោះមន្រ្តីប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យកងកម្លាំង ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន ទន្ទឹមនោះត្រូវបង្កើនយកចិត្តទុកដាក់ចំពោះមន្រ្តីមានជំងឺឈឺថ្កាត់ ត្រូវចាត់តំណាង ឬក៏ចុះសួរសុខទុក្ខដោយផ្ទាល់។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តពោធិ៍សាត់ មានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ដូច្នេះហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងង្គមជាតិ។ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ ដើម្បីទទួលពាក្យបណ្តឹង និងបម្រើសេវាជូនប្រជាពលរដ្ឋ ជាមួយគ្នានោះស្នងការដ្ឋាននគរបាលខេត្ត ត្រូវមានមន្រ្តីប្រចាំបញ្ជា ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។
អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងលុបបំបាត់រាល់នូវភាពអសកម្មនានាដែលបានខុសឆ្គងកន្លងមក ហើយប្ដូរមកធ្វើកិច្ចការងារសង្គមឲ្យបានច្រើន ពិសេសការសម្រួលចរាចរណ៍ដល់ពលរដ្ឋ ចាស់ជរា ជនមានពិការភាព បន្ថែមលើការងារជំនាញដែលកំពុងបំពេញការងារប្រចាំថ្ងៃ៕











-
ព័ត៌មាន4 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន7 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន4 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា1 week agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន7 days agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន6 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ