Connect with us

ព័ត៌មាន

ជប៉ុនផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាចំនួន ៤ គម្រោងមានទឹកប្រាក់ ២៦ លានដុល្លារ

កម្ពុជា និង JICA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួន៤ ក្នុងនោះកិច្ចព្រមព្រៀងហិរញ្ញប្ប ទានឥតសំណងថ្មីចំនួន ១ និងវិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ៣ មានទឹកប្រាក់សរុបប្រមាណ ២៦ លានដុល្លារអាមេរិក។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA ប្រចាំនៅកម្ពុជា នៅថ្ងៃម្សិលមិញនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន៤ មានទឹកប្រាក់សរុបចំនួនជិត ៤ ពាន់លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២៦ លានដុល្លារអាមេរិក។

ក្នុងនោះរួមមានគម្រោង៖ ទី១-លើវិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតភូមិព្រែក មានថវិកាបន្ថែមចំនួន ១២,៣៣ លានដុល្លារអាមេរិក (កិច្ចព្រមព្រៀងដើមមានទឹក ប្រាក់ចំនួន ២២,៤១ លានដុល្លារអាមេរិក)។ គម្រោងនេះមានគោលបំណងពង្រីកសមត្ថភាពផលិតរបស់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតភូមិព្រែកពី ១៥០ ពាន់ម៉ែត្រគីប ដល់ ១៩៥ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ៤៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ, សាងសង់ប្រព័ន្ធបណ្តាញស្ថានីយបូមទឹកឆៅ, អាង ស្តុកទឹក និង ប្រព័ន្ធចែកចាយទឹក។

ទី២- វិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងការកសាងបណ្ដាញស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបទូទាំងប្រទេស មានថវិកាបន្ថែម ៤ លានដុល្លារអាមេរិក (កិច្ចព្រមព្រៀងដើមមានទឹកប្រាក់ ៨,៩២ លានដុល្លារអាមេរិក) ។ គម្រោងនេះ មានគោលបំណងពង្រឹងសេវារដ្ឋបាលសម្រាប់ការចុះបញ្ជីដីធ្លីទូទាំងប្រទេសកម្ពុជា តាមរយៈការបង្កើតបណ្តាញ ស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយប្រព័ន្ធផ្កាយរណប ដែលអាចទទួលទិន្នន័យ កំណត់ទីតាំងដែលមានសុក្រិតភាពខ្ពស់ ពីប្រព័ន្ធផ្កាយ រណបសកល, និងការដំឡើងឧបករណ៍សម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យរួមមួយដែលនឹងត្រូវធ្វើប្រតិបត្តិការជាប្រព័ន្ធ។

ទី៣-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចមានទឹកប្រាក់ ៧,៧៧ លានដុល្លារ អាមេរិក, កម្មវិធីនេះមានគោលបំណងគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ស្តីអំពីសកម្មភាពបោសសម្អាតមីន តាមរយៈការផ្ដល់សម្ភារសំខាន់ៗចាំបាច់ទាក់ទង នឹងសកម្មភាពសម្អាតមីន នៅតាមអង្គភាព CMAC ក្នុងខេត្តកំពង់ឆ្នាំង, ខេត្តបាត់ដំបង, និងទីតាំងបណ្តុះបណ្តាលនានា។

ចំណែកទី៤- គឺវិសោធនកម្មនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វ ផ្សាយអប់រំ ការយល់ដឹងពីសង្គ្រាមនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មានថវិកាបន្ថែម ២ លានដុល្លារអាមេរិក។ គម្រោងនេះមានគោលបំណងបំពេញតម្រូវការចាំបាច់ និងសម្រេចទស្សនវិស័យនៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់អង្គភាព CMAC, ការ ធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងជាសាធារណៈ អំពីផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម, ផ្សព្វផ្សាយអប់រំ អំពីវិបត្តិនៃសង្គ្រាម និងលើកកម្ពស់ស្មារតីឱ្យស្គាល់ពីតម្លៃពិតនៃសន្តិភាព ក្នុងស្ថានភាពចំពោះមុខ និងអនាគត តាមរយៈការសាងសង់ សំណង់អគារមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវមុខងារដែលមានស្រាប់របស់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ក្នុងខេត្តកំពង់ ឆ្នាំង, សាងសង់អគារផ្សព្វផ្សាយអប់រំការយល់ដឹងអំពីសង្គ្រាម នៅខេត្តសៀមរាប និងហេដ្ឋរចនាសម្ព័ន្ធចាំបាច់មួយចំនួនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia