ព័ត៌មាន
ឯកអគ្គរដ្ឋទូតអូស្ត្រាលី ស្ងើចសរសើរចំពោះសម្ទុះនៃការអភិវឌ្ឍ និងធនធានមនុស្សវ័យក្មេងរបស់កម្ពុជា
ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការស្ងើចសរសើរចំពោះសម្ទុះនៃការអភិវឌ្ឍ និងសក្ដានុពលយុវជនវ័យក្មេងរបស់កម្ពុជា។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានមានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេលដែលឯកឧត្តមមកកាន់តំណែងជាឯកអគ្គរដ្ឋទូតរយៈពេលប្រមាណ ៧ខែនៅប្រទេសកម្ពុជា ឯកឧត្តម មានការភ្ញាក់ផ្អើលដោយសារមើលឃើញច្បាស់អំពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងមើលឃើញកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយប្រទេសអូស្រ្ដាលីក៏មានបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា ចំពោះសក្ដានុពលនៃធនធានមនុស្សកម្ពុជា តាមរយៈ ស្ថិតិដែលយើងទទួលបាន គឺចំនួន ២ភាគ៣ នៃប្រជាពលរដ្ឋកម្ពុជា គឺជាប្រជាពលរដ្ឋដែលមានអាយុតិចជាង ៣០ ឆ្នាំ ដែលចំនួននេះ គឺបង្ហាញថាកម្ពុជាសម្បូរធនធានមនុស្សវ័យក្មេង និងមានកម្លាំងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សូមជម្រាបថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលកន្លងទៅ ឯកឧត្តម ឌីរ៉េក យីប បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រួមមាន៖ (១) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត (២) គាំទ្រកម្ពុជាដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ និង (៣) គាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា។
សម្ដេចធិបតី និងឯកអគ្គរាជទូតអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ថាមពលស្អាត សុខាភិបាល អប់រំ ការពារជាតិ និង សន្តិសុខ រួមទាំងការបណ្តុះបណ្តាលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា


-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន