ព័ត៌មាន
សហព័ន្ធប្រកាសទទួលចុះឈ្មោះជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យកុមារអង្គរ
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរា ក្នុងចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រជាថ្មី នាថ្ងៃទី៣១ ខែឧសភាខាងមុខ ដើម្បីកៀគរថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា សម្រាប់ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជិះកង់ដើម្បីសប្បុរសធម៌នេះ ចាប់ផ្ដើមទទួលហើយ ដោយកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវបង់ថវិកាចំនួន ២៥ដុល្លារ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមេសាខាងមុខ ។
លោកបន្ដថា នេះជាឆ្នាំទី២ ហើយ ដែលសហព័ន្ធ បានរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីសប្បុរសធម៌ ខណៈការរៀបចំលើកដំបូង កាលពីខែមិថុនា ឆ្នាំ២០២៤ មានអ្នកចូលរួមយ៉ាងច្រើនរហូតដល់ជាង ៤០០នាក់ ។ ដូច្នេះលោករំពឹងថា ឆ្នាំនេះ នឹងទទួលបានការចុះឈ្មោះកាន់តែច្រើនថែមទៀត ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជានេះ គឺធ្វើឡើង ដើម្បីកៀគរថវិកា សម្ភារជួយដល់មន្ទីរពេទ្យកុមារអង្គរ ព្រមទាំងបន្តបំផុសការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជូនដល់កីឡាករ-កីឡាការិនី និងមហាជនឲ្យចូលរួមលេងកីឡាជិះកង់ ដើម្បីសុភាព មិត្តភាព សាមគ្គីភាពឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ម្យ៉ាងក៏ជាការរួមចំណែកដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាបផងដែរ។
តាមរយៈនេះ លោក នូ ចំរើន បានអំពាវនាវដល់កីឡាករ-កីឡាការិនី យុវជន មហាជន ដែលនិយមជិះកង់ ចូលរួមចុះឈ្មោះឲ្យបានច្រើនកុះករ និងទាន់ពេលវេលា ដើម្បីរួមចំណែកដល់កិច្ចការសប្បុរសធម៌ តាមរយៈការបង់ថវិកាសម្រាប់ការជិះកង់ ក៏ដូចជាលើកស្ទួយដល់វិស័យកីឡាទោចក្រយានកម្ពុជាឱ្យមានសកម្មភាពកាន់តែផុសផុលឡើងបន្ថែមទៀតផងដែរ។ ចំពោះការចុះឈ្មោះ កីឡាករ-កីឡាការិនីម្នាក់ៗ នឹងទទួលបានអាវជិះកង់ ១ លិខិតថ្លែងអំណរគុណ និងអាហារសម្រន់តាមដងផ្លូវ ព្រមទាំងភេសជ្ជៈផងដែរ។
សូមរំឮកថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏បានរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីផ្តល់សេចក្តីសង្ឃឹម និងក្តីស្រឡាញ់ដល់កុមារ ពីរាជធានីភ្នំពេញទៅកាន់ខេត្តបាត់ដំបង លើចម្ងាយផ្លូវ ២៩០គីឡូម៉ែត្រ ដោយទទួលបានការចូលរួមជិះកង់យ៉ាងផុសផុលផងដែរ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន