ព័ត៌មាន
សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ស្ថិតនៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះរួមមាន៖ អគារស្នាក់នៅចំនួន២ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន, អគារមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចំនួន១ខ្នង និងកុំព្យូទ័រចំនួន៧០គ្រឿង ព្រមទាំងការតភ្ជាប់ប្រព័ន្ធអ៊ីនធើណេត ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអគារសាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ខ្នង មាន៣ថ្នាក់។ ក្នុងនោះ ២ថ្នាក់សម្រាប់រៀនចំណេះដឹងទូទៅ និង១ថ្នាក់សម្រាប់រៀន វប្បធម៌ សុជីវធម៌ និងសីលធម៌។
សូមបញ្ជាក់ថា វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានផ្ទៃដីជិត៨០ហិតា ជាទីតាំងរបស់អតីតសាលានាយទាហានសកម្ម ប្រើជាកន្លែងបណ្តុះបណ្តាលយោធាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គបញ្ជាការដ្ឋាន។ វិទ្យាស្ថានបញ្ជាការ-សេនាធិការ មានភារកិច្ច៖
១៖ បណ្តុះបណ្តាលសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិ ថ្នាក់អនុសេនីយ៍ឯក ដល់ថ្នាក់វរសេនីយ៍ត្រី គ្រប់ប្រភេទទ័ព លើមុខវិជ្ជាការងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិត កងវរសេនាតូច ដល់កងពលតូចថ្មើរជើង។
២៖ វិក្រឹតការសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ដល់ថ្នាក់វរសេនីយ៍ឯក គ្រប់ប្រភេទទ័ព លើមុខវិជ្ជាចំណេះដឹងទូទៅយោធា និងយល់ដឹងលើការងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិតកងវរសេនាតូច ដល់កងពលតូចថ្មើរជើង។ ក្រៅពីនេះ មានវគ្គហ្វឹកហ្វឺនផ្សេងៗទៀត ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ។
របាយការណ៍របស់វិទ្យាស្ថាន បានឱ្យដឹងថា ខែសីហា ឆ្នាំ២០២៤ បានទទួលសិក្ខាកាមវគ្គវិក្រឹតការបញ្ជាការ-សេនាធិការ ចំនួន៧០នាក់ បានសិក្សារយៈពេល៦ខែ និងបានបញ្ចប់វគ្គនៅខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។ ខែតុលា ឆ្នាំ២០២៤ បានទទួលសិក្ខាកាមវគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ចំនួន៨០នាក់ សិក្សារយៈពេល១២ខែ បច្ចុប្បន្នកំពុងសិក្សានៅក្នុងវិទ្យាស្ថាន និងត្រូវបញ្ចប់វគ្គនៅខែតុលា ឆ្នាំ២០២៥។
ក្រៅពីសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ វិទ្យាស្ថានមានអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបម្រើដល់ការបណ្តុះបណ្តាលរួមមាន៖ អគារតូច ធំ ចំនួន៦១ខ្នង, ផ្លូវប្រវែងសរុបចំនួន១០,៧១៤ម៉ែត្រ និងទីលានសម្រាប់ហ្វឹកហាត់នៅក្រៅវិទ្យាស្ថានចំនួន២កន្លែងផងដែរ៕










-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ