ព័ត៌មាន
កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ
កំពង់ស្ពឺ៖ ខណៈថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវបានអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាករយៈពេលជាច្រើនថ្ងៃ ដើម្បីជួបជុំក្រុមគ្រួសារនៅស្រុកកំណើត។ កម្មករ កម្មការិនីសរុបប្រមាណ ២,២០០នាក់ បានជួបជុំគ្នាដើម្បីអបអរពិធីបុណ្យចូលឆ្នាំដែលនឹងឈានមកដល់នាពេលខាងមុខនេះ មុននឹងបំបែកគ្នាទៅស្រុកកំណើតរៀងៗខ្លួន។
នៅក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ លោក ជ័យ សុវណ្ណ ប្រធានរដ្ឋបាលរោងចក្រស្បែកជើង អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា នេះជាលើកទី២ ដែលរោងចក្ររៀបចំកម្មវិធីនេះឡើងដើម្បីជាការលើកទឹកចិត្ត និងអរគុណដល់កម្មករនិយោជិត ដែលបានប្រឹងប្រែងធ្វើការកន្លងមក។ លោកបានបន្តថា ឆ្នាំនេះរោងចក្រមានការរៀបចំលេងល្បែងប្រជាប្រិយជាច្រើន ដូចជាវាយក្អម លោតបាវ ការច្រៀង និងរាំលេងកំសាន្តជាដើម។ក្រៅពីកម្មវិធីខាងលើនេះ ថៅកែរោងចក្រក៏មានរៀបចំនូវអំណោយមួយចំនួនដើម្បីជាកាដូអបអរឆ្នាំថ្មីប្រពៃណីជាតិទៅកាន់កម្មករនិយោជិតផងដែរ ដោយក្នុងម្នាក់ទទួលបាន អង្ករ១បេ ទម្ងន់៥គីឡូក្រាម ប្រេងឆា១កាដុង (ចំណុះ២លីត្រ) និងថវិកាចំនួន ១ម៉ឺនរៀល។
លោកបន្ថែមថា ទៅថ្ងៃអនាគត ប្រសិនបើរោចក្រសម្រេចបានគោលដៅបន្តបន្ទាប់ទៀត ថៅកែនឹងផ្តល់ប្រាក់រង្វាន់លើសមត្ថភាពផលិតកម្មដល់កម្មករនិយោជិត ព្រមទាំងការរៀបចំកម្មវិធីសប្បាយៗដើម្បីលើកទឹកចិត្តដល់កម្មករដែលខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឲ្យ ប៊ីធីវី ដឹងដែរថា ជារៀងរាល់ឆ្នាំ កម្មករ កម្មការិនី នឹងបានឈប់សម្រាកពីការងារយ៉ាងហោចណាស់រយៈពេល ១សប្តាហ៍ ពោលគឺច្រើនជាងពិធីបុណ្យនានា ដើម្បីជួបជុំជាមួយក្រុមគ្រួសារ និងសាច់ញាតិនៅឯស្រុកកំណើត។ លោកបន្តថា តាមទម្លាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ក្រៅពីធ្វើដំណើរទៅស្រុកំណើតជួបជុំក្រុមគ្រួសារញាតិមិត្ត កម្មករនិយោជិត ក៏បាននាំគ្នាធ្វើចង្ហាន់ និងរៀបចំទេយ្យទានផ្សេងៗប្រគេនព្រះសង្ឃ បន្ទាប់មកជួបជុំសាច់ញាតិ ទៅលេងសង្រ្កានតាមភូមិឃុំ និងការលេងល្បែងប្រជាប្រិយ៍ជាដើម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
នៅក្នុងកម្មវិធីនេះ បានមើលឃើញថា កម្មករ កម្មការិនី មានទឹកមុខសប្បាយរីករាយ និងជួបជុំគ្នាក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។ ទន្ទឹមនេះ ក្រុមកម្មការិនី បាននិយាយស្រដៀងគ្នាថា ដោយសារការដឹកនាំដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាកម្មកររោងចក្រទាំងអស់បានជួបជុំគ្នា ប្រកបដោយភាពសប្បាយរីករាយ និងមានសេរីភាពពេញលេញក្នុងការជួបជុំផងដែរ។
ក្នុងឱកាសប្រារព្ធពិធីអបអរឆ្នាំថ្មីនេះដែរ ភាគីរោងចក្រ សហជីព និងកម្មករ កម្មការិនី បានសម្តែងការជូនពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទាំងមូលនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ឲ្យធ្វើដំណើរកម្សាន្តទីជិត ទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ ជាពិសេសរក្សាសេចក្តីថ្លៃថ្នូរ និងចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលបើកបរ.
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញ ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕













-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ