ព័ត៌មាន
ពលរដ្ឋសម្តែងការអរគុណរាជរដ្ឋាភិបាលដែលបានប្រើប្រាស់រថយន្តក្រុងឥតគិតថ្លៃ ទាំងទៅនិងមក នាឱកាសបុណ្យចូលឆ្នាំ
ភ្នំពេញ៖ ខណៈដែលពិធីបុណ្យប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ដោយភាពសម្បូរសប្បាយនៅទូទាំងរាជធានីខេត្ត នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ កម្មករនិយោជិត និងប្រជាពលរដ្ឋ បានវិលត្រឡប់ចូលរាជធានីភ្នំពេញដើម្បីចូលបំពេញការងារ និងប្រកបអាជីវកម្មឡើងវិញ ជាមួយនឹងទឹកមុខសប្បាយរីករាយ។ ជាមួយនេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់រថយន្តក្រុងជូនទៅមកស្រុកកំណើតដោយឥតគិតថ្លៃផងដែរ។
លោក រឿន ណយ ពលរដ្ឋមកពីខេត្តតាកែវ បច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលដែលបានធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងដោយមិនគិតថ្លៃ ព្រោះបានជួយសម្រួលដល់ការចំណាយថវិកាមួយកម្រិត ខណៈកន្លងមករាល់ពេលធ្វើដំណើរទៅស្រុកកំណើតតាមរថយន្តឈ្នួលក្នុងឱកាសបុណ្យទាន យ៉ាងហោចណាស់ចំណាយប្រមាណ ២០ម៉ឺនរៀល សម្រាប់មនុស្ស២នាក់។ លោកបន្តថា ដូច្នេះគ្មានអ្វីក្រៅពីការអរគុណរាជរដ្ឋាភិបាល ដែលបានបញ្ចេញរថយន្តក្រុងឲ្យប្រជាពលរដ្ឋជិះដោយមិនគិតថ្លៃ ហើយក៏ចង់ឱ្យរាជរដ្ឋាភិបាលផ្តល់ជូនបែបនេះបន្តទៀត រាល់ពេលបុណ្យទានធំៗផងដែរ ដើម្បីជួយសម្រួលការចំណាយ។
ប្រជាពលរដ្ឋដទៃផ្សេងទៀត បាននិយាយស្រដៀងគ្នាថា តាមរយៈរថយន្តក្រុងឥតគិតថ្លៃនេះ ក្រៅពីកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ និងចំណេញថវិកាច្រើន ការធ្វើដំណើរគឺមានភាពងាយស្រួល ត្រជាក់ មិនចង្អៀតណែន ហើយមានសុវត្ថិភាពខ្ពស់ថែមទៀតក្រោមការយកចិត្តទុកដាក់ពីតៃកុងឡានគ្រប់ពេលវេលា។ ទាំងអស់នេះ ធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្ត ហើយមានតែពាក្យអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងបារម្ភអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈជានិច្ច ។
លោក ឡាំង សៀត បុគ្គលិករដ្ឋាករស្វយ័ត្នដឹកជញ្ជូនសាធារណៈនៃសាលារាជធានីភ្នំពេញ បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទោះបីជាមិនបានឈប់សម្រាកប៉ុន្តែលោកមានការសប្បាយចិត្ត ដែលបានចូលរួមបំពេញការងារសង្គមមួយនេះជូនដល់ប្រជាពលរដ្ឋ។ លោកក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់ ប្រជាពលរដ្ឋតាមរយៈការផ្ដល់ឱ្យពលរដ្ឋបានជិះរថយន្តក្រុងឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងសម្តែងការជូនពរដល់ជនរួមជាតិទាំងអស់ធ្វើដំណើរត្រឡប់មកពីស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៥៩៧គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃ ក្នុងគោលបំណងដើម្បីជួយសម្រួល និងសម្រាលបន្ទុករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅនិងមកស្រុកកំណើតនៅទូទាំងប្រទេស ដែលគិតចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា ឆ្នាំ២០២៥៕អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ