ព័ត៌មាន
ឯកឧត្ដម ប៉េង ពោធិ៍នា៖ បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេសរុបចំនួន ១១៩ កន្លែង
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេសរុបចំនួន ១១៩ កន្លែង ក្នុងនោះ នៅតាមតំបន់ឆ្នេរសមុទ្រ មានកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែចំនួន ៣០ផ្សេងទៀត និងនៅតាមដងទន្លេ មានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត ដែលបាននិងកំពុងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា។
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បែបនេះ តាមរយៈរបាយការណ៍ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពតនៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្ដមថ្លែងថា ពិធីសម្ពោធដែលកំពុងរៀបចំឡើងយ៉ាងអធិកអធមនាព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាបើនិយាយជារួម និងការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែបើនិយាយដោយឡែក ដែលបានលេចចេញជារូបរាងឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។ ឯកឧត្តមបន្តថា ពិធីសម្ពោធនាឱកាសនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ឱកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ជាពិសេស ការចូលរួមវិនិយោគអភិវឌ្ឍន៍នៅកម្ពុជាទាំងលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផង និងវិស័យទេសចរណ៍ផង។
បើតាមឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា








-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន6 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន6 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន5 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន14 hours agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន7 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន