ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖បង្ហាញក្ដីរីករាយដែលបានត្រលប់មកកាន់រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីនៅព្រឹកនេះ ខណៈរោងចក្រនេះ គឺជាមោទនភាពមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅខេត្តពោធិ៍សាត់ ក៏ដូចជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ខណៈបើប្រទេសមានសង្គ្រាម គិតតែច្បាំងគ្នា គឺមិនអាចអភិវឌ្ឍន៍ ឬធ្វើអ្វីបានឡើយ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ពោធិ៍សាត់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទដែលបានចូលរួមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ ប្រកបដោយភាពសប្បាយរីករាយគ្រប់ ទីកន្លែង។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សម្ដេចធ្លាប់ឱ្យពិនិត្យមើលទិន្នន័យក្នុងរយៈពេល៣ឆ្នាំក្នុងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង គឺជាខេត្តឆ្លងកាត់ ភ្ញៀវទេសចរទៅហួសមកហួស, សកម្មភាពសេដ្ឋកិច្ចក៏មិនសូវមាន ប៉ុន្ដែពេលនេះខេត្តពោធិ៍សាត់មានក្រុមហ៊ុន និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ជាដើមដែលផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងខេត្ត មានសក្ដានុពលឧស្សាហកម្ម និងជាការវិវត្តន៍ទៅមុខរបស់កម្ពុជា។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កាលពីឆ្នាំ ១៩៩០ កម្ពុជា ផលិត ផលិតផលអ្វីក៏ត្រូវការនាំចូលពីក្រៅប្រទេសដែរ ប៉ុន្ដែមកដល់ពេលនេះ កម្ពុជាអាចមានសមត្ថភាពផលិតផ្គត់ផ្គង់ និងនាំចេញទៅក្រៅទាំងផលិតផលកសិកម្ម និងគ្រឿងបង្គុំអគ្គិសនីហើយពេលនេះមានរោងចក្រផលិត និងដំឡើងរថយន្តថែមទៀត។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ អំឡុងរយៈពេលត្រឹមជិត ៣ ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់, ក្នុងនោះបើនិយាយត្រឹមតែវិស័យការងារគឺកើនពីរោងចក្រសហ គ្រាស ៣០០ កន្លែងកើនដល់ ៤០៤ រោងចក្រសហគ្រាសនៅក្នុងឆ្នាំ២០២៥ និងបង្កើតការងារបានជាង ១៥០០០ កន្លែងថែមទៀត។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់ដែលបានវិនិយោគនៅកម្ពុជាឱ្យបានរីកចម្រើនទៅមុខបន្ថែមទៀត ជាមួយនឹងសុខសន្ដិភាព និងស្ថិរភាពដែលកម្ពុជាកំពុងមាន។ ហើយសន្ដិភាពនេះ ជាការធានារបស់គណបក្សប្រជាជនកម្ពុជាផ្ដល់ជូនវិនិយោគិនរយៈពេលវែងដែលចង់មកវិនិយោគនៅកម្ពុជា។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ បានគិតគូរធ្វើយ៉ាងណាលើការលើកទឹកចិត្ត និងបន្ធូបន្ថយការលំបាក់ដល់ក្រុមហ៊ុន វិនិយោគិនដែលចង់ចូលមកវិនិយោគនៅកម្ពុជា តាមរយៈការសម្រួលនីតិវិធី កាត់បន្ថយលក្ខន្តិកៈនានា ដើម្បីធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួលដល់ការវិនិយោគ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលខិតខំដាក់ចេញនូវផែនការយុទ្ធ សាស្ត្រនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ព្រមទាំងវិស័យឯកជននានា ដើម្បីពលរដ្ឋមានលទ្ធភាព ទិញរថយន្តថ្មី ប្រកបដោយគុណភាពស្តង់ដាអន្តរជាតិ និងតម្លៃសមរម្យយកមកប្រើប្រាស់។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលប្រមូលធាតុផ្គុំពីខាងក្រៅមកផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងក្លាយជាប្រទេសដែលផលិតគ្រឿងបង្គុំខ្លួនឯង និងនាំចេញទៅក្រៅប្រទេសផងដែរ។ សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុននៅក្នុងស្រុកខិតខំស្វែងរកដៃគូសហការដើម្បីផលិតគ្រឿងបង្គុំក្នុងស្រុកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។
-សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានរោងចក្រដំឡើងរថយន្តចំនួន៩ ក្នុងនោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦ និងនៅខាងក្រៅចំនួន៣។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់ធ្វើការនៅក្នុងរោងចក្រនោះ។ សម្ដេចធិបតីបន្ថែមថា នៅ ពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia ថែមទៀត។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមោទនភាពយ៉ាងខ្លាំង ខណៈក្រុមហ៊ុន Fordពីមុននាំចូលគ្រឿងបង្គុំរថយន្តពីក្រៅប្រទេសចូលមកកម្ពុជា ដើម្បីផ្គុំចេញជារថយន្ត ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនឈានដល់កម្រិតផលិតគ្រឿងបង្គុំនៅកម្ពុជា ដោយកាត់បន្ថយការនាំចូលទាំងស្រុងដូចមុនទៀត។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមថា ការដែលក្រុមហ៊ុនរថយន្តរបស់អាមេរិកមួយនេះសម្រេចពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា ដោយសារតែក្រុមហ៊ុននេះជឿជាក់លើស្ថិរភាព និងសុខសន្តិភាពនៅប្រទេសកម្ពុជា។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ ធ្វើយ៉ាងណាធ្វើឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខល្អ មានកេរ្តិ៍ឈ្មោះល្អ ខណៈកាលពីមុនខេត្តមានករណីទន្ទ្រានដីធ្លីមួយចំនួនបានកើតឡើង។ សម្ដេចថ្លែងថា នៅពេលខេត្តមានសន្ដិសុខល្អនឹងទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនបន្ថែមទៀត ជាពិសេសខេត្តមានលក្ខណៈអំណោយផលច្រើនលើការវិនិយោគ និងវិស័យទេសចរណ៍។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បច្ចុប្បន្នការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅកម្ពុជាកំពុងមានកំណើនគួរឱ្យគត់សម្គាល់។ សម្ដេចណែនាំដល់ក្រសួងរ៉ែ និងថាមពលពិនិត្យមើលដាក់ពង្រាយស្ថានីយរថយន្តអគ្គិសនីនេះបន្ថែមទៀតនៅតាមបណ្ដាផ្លូវជាតិនានា និងត្រូវគិតគូរអំអីស្ដង់ដាសុវត្ថិភាព និងគុណភាព។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ក្រោមរូបភាពអ្វីក៏ដោយ បើសិនជាចូលមកកាប់ទន្រ្ទានធនធានធម្មជាតិ ដីធ្លីរបស់រដ្ឋ គឺត្រូវតែអនុវត្តវិធានការច្បាប់ទាំងអស់។ មិនមែនចេះតែទៅកាប់ទន្ទ្រានផ្ដេសផ្ដាសនោះទេ ប៉ុន្ដែបើសិនជាពលរដ្ឋ គ្មានដីពិតប្រាកដរាជរដ្ឋាភិបាលនឹងផ្ដល់ដីជូន។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព ដែលគ្រោងអនុវត្តជំហានដំបូងនៅខេត្តស្ទឹងត្រែងនោះ មានពលរដ្ឋបានដាក់ពាក្យស្នើសុំ ចំនួន ១០០០០ នាក់រួចហើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ឥឡូវនេះគណៈកម្មការជំនាញកំពុង ពិនិត្យមើលរកអ្នកដែលខ្វះខាតដីពិតប្រាកដ ដើម្បីផ្ដល់ដីជូន។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ប្រកាសធានាខុសត្រូវចំពោះកងកម្លាំង និងអាជ្ញាធរដែលចុះអនុវត្តច្បាប់ត្រឹមត្រូវ ចំពោះជនល្មើសធនធានធម្មជាតិនានា ដែលមានបំណងអាក្រក់ប្រើហិង្សា ឬប្រើអាវុធមកលើកងកម្លាំង។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវដល់វិនិយោគិនជ្រើសរើសយកកម្ពុជា ក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ គុណភាព ភាពធន់ តម្លៃសមរម្យ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍។ ខណៈហើយរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងទិញរថយន្តដែលមានលក្ខណៈសម្បត្តិបែបនេះយកមកប្រើប្រាស់ដែរ ជាពិសេសចំពោះរថយន្តដែលមានរោងចក្រមានផ្ដល់សេវាជួសជុល និងផ្គត់ផ្គង់គ្រឿងបន្លាស់រឹតតែល្អប្រើសើរ ដែលនេះជាអ្វីដែលសម្ដេចជំរុញ និងលើកទឹកចិត្ត។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ តាមរយៈម្ចាស់ឡូត៍នេសាទបានឱ្យដឹងថា នៅរដូវនេសាទកន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋខុសពីមុន ដោយពីមុនប្រជាពលរដ្ឋជិះរ៉ឺម៉កមកទិញត្រី យកទៅធ្វើប្រហុកផ្អក ឥឡូវពលរដ្ឋជិះសុទ្ធតែរថយន្តទំនើបៗមកទិញត្រីដឹកយកទៅធ្វើប្រហុកផ្អក។ នេះបង្ហាញឱ្យឃើញថា ពលរដ្ឋកម្ពុជាមានជីវភាពកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលប្ដេជ្ញាការពារធនធានត្រីធម្មជាតិ ដែលមាននៅតាមទន្លេស្ទឹងបឹងបួជ្រោះជ្រលងដងអូរ និងព្រែកនានាទាំងអស់ឱ្យបានគង់វង្ស ដើម្បី បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់វិនិយោគិនទាំងអស់ សូម ជ្រើសកម្ពុជាជាគោលដៅនៃការបណ្ដាក់ទុនវិនិយោគ ចំពោះវិនិយោគិនដែលបានមកបណ្ដាក់ទុននៅ កម្ពុជារួចហើយ សូមពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។

-
ព័ត៌មាន3 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន2 days ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន3 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន5 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន5 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន2 days ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
ព័ត៌មាន5 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មាន3 days ago
ចិនគាំទ្រការធ្វើទំនើបកម្មផ្លូវដែកកម្ពុជា ដើម្បីជំរុញការតភា្ជប់ការដឹកជញ្ជូនកម្ពុជា-ចិន និង ប្រទេសក្នុងតំបន់